អដ្ឋកថាអនោមទស្សិពុទ្ធវង្សទី ៧
អនោមទស្សីពុទ្ធវង្សទី ៧ កាលព្រះសោភិតសម្ពុទ្ធបរិនិព្វានហើយ ក្រោយសាសនារបស់ព្រះអង្គ មួយអសង្ខេយ្យ មិនមានព្រះពុទ្ធកើតឡើង កាលអសង្ខេយ្យនោះកន្លងទៅ ហើយ ព្រះពុទ្ធ ៣ ព្រះអង្គ គឺអនោមទស្សីសម្ពុទ្ធ ១ បទុមសម្ពុទ្ធ ១ នារទសម្ពុទ្ធ ១ ទ្រង់កើតឡើងក្នុងកប្បជាមួយគ្នា ។ បណ្តាព្រះពុទ្ធ ៣ អង្គ នោះ ព្រះមានព្រះភាគអនោមទស្សី ទ្រង់បំពេញបារមី ១៦ អសង្ខេយ្យ និង ១ សែនកប្ប កើតក្នុងស្ថានសួគ៌ជាន់តុសិត កាលពួកទេវតាអារាធនាហើយក៏ ចុតិចាកតុសិតសួគ៌នោះ ទ្រង់កាន់យកបដិសន្ធិក្នុងផ្ទៃរបស់ព្រះនាងយសោធរា មានព្រះសុដន់ល្អ ដែលជាអគ្គមហេសី ក្នុងរាជត្រកូលរបស់ព្រះបាទយសវា នគរចន្ទវតីរាជធានី ។ បានឮថា កាលព្រះអនោមទស្សីកុមារ នៅក្នុងផ្ទៃ របស់ព្រះនាងយសោធរាទេវី ដោយអានុភាពបុណ្យបារមី ព្រះរស្មីផ្សាយទៅ អស់ទីប្រមាណ ៨០ ហត្ថ រស្មីព្រះចន្ទ និងព្រះអាទិត្យ គ្របសង្កត់មិនបាន ។ លុះគ្រប់កំណត់ទសមាស ព្រះនាងក៏ប្រសូតព្រះពោធិសត្វ បាដិហារ្យទាំងឡាយ មានន័យដូចបានពោលអំពីខាងដើម ។ ក្នុងថ្ងៃទទួលព្រះនាម ព្រះញាតិកាលថ្វាយព្រះនាមរបស់ព្រះអង្គ ព្រោះ រតនៈ ៧ ប្រការធ្លាក់ចុះអំពីអាកាសក្នុងខណៈប្រសូត ហេតុនោះ ទើបថ្វាយ ព្រះនាមថា អនោមទស្សី ព្រោះជាហេតុកើតរតនៈមិនថោកថយ ។ ព្រះអង្គ ទ្រង់ចម្រើនវ័យដោយលំដាប់ ទ្រង់បានទទួលការបម្រើដោយកាមគុណដូចជា ទិព្វ ទ្រង់នៅជាឃរាវាសវិស័យអស់មួយម៉ឺនឆ្នាំ ។ បានឮថា ទ្រង់មានប្រាសាទ