បទុមុត្តរពុទ្ធវំសោ
បទុមុត្តរពុទ្ធវង្សទី ១០ ក្នុងកាលខាងក្រោយ អំពីព្រះពុទ្ធព្រះនាមនារទៈមក មានព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់ ឈ្នះមារ ទ្រង់មិនរំភើប ឧបមាដូចសាគរ ។ ព្រះពុទ្ធនេះទ្រង់កើតឡើង ក្នុងកប្បណា កប្បនោះឈ្មោះមណ្ឌកប្ប ប្រជុំជនមានកុសល ដុះឡើងហើយ តែងកើតក្នុងកប្បនោះ ។ កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ទ្រង់សម្តែងនូវធម៌ជាដំបូង សត្វទាំងឡាយ ប្រមាណមួយសែនកោដិ ក៏បានត្រាស់ដឹងនូវមគ្គ និងផល ។ លំដាប់ តអំពីនោះមក កាលព្រះបរមសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ បង្អុរចុះនូវធម៌ ទ្រង់ញ៉ាំងពួកសត្វ ឲ្យឆ្អែតស្កប់ស្កល់ ពួកសត្វ ប្រមាណ ៣ ម៉ឺន ៧ ពាន់ បានត្រាស់ដឹងក្នុងលើកទី ២ ។ ក្នុង កាលណា ព្រះមហាវីរបុរស ស្តេចចូលទៅរកព្រះបាទអានន្ទ ជាព្រះបិតា លុះស្តេចចូលទៅកាន់សម្នាក់ព្រះបិតាហើយ ទ្រង់ទូង ស្គរ គឺអមតធម៌ ។ កាលស្គរ គឺអមតធម៌ ដែលព្រះអង្គទ្រង់ ទូងហើយ ភ្លៀង គឺធម៌ក៏ធ្លាក់ចុះ ( ក្នុងកាលនោះ ) ពួកសត្វ ប្រមាណ ៥ លាន បានត្រាស់ដឹងក្នុងលើកទី ៣ ។ ព្រះពុទ្ធទ្រង់ ឈ្លាសក្នុងទេសនា ទ្រង់ទូន្មានពន្យល់ ចម្លងនូវសត្វទាំងពួង បានចម្លងហើយ នូវប្រជុំជនជាច្រើន ។ ព្រះសាស្តា ព្រះនាម បទុមុត្តរៈ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានព្រះខីណាស្រព ប្រមាណមួយសែនកោដិ ។ កាលណា ព្រះសម្ពុទ្ធ ស្មើដោយព្រះអតីតពុទ្ធ រកបុគ្គលស្មើគ្មាន ទ្រង់គង់ នៅលើភ្នំវេភារបព៌ត ( ក្នុងកាលនោះ ) ជាសន្និបាតលើកទី ២ មានព្រះខីណាស្រព ប្រមាណ ៩០ ពាន់កោដិ ។ កាលព្រះសម្ពុទ្ធ ចៀសចេញចាកស្រុក ចាកនិគម និងដែន ទៅកាន់ចារិកម្តង ទៀត នេះជាសន្និបាតលើកទី ៣ មានព្រះខីណាស្រព ប្រមាណ ៨០ ពាន់កោដិ