សិទ្ធត្ថពុទ្ធវំសោ
សិទ្ធត្ថពុទ្ធវង្សទី ១៦ ក្រោយអំពីព្រះធម្មទស្សីមក មានព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ទ្រង់កម្ចាត់បង់ងងឹតទាំងអស់ បីដូចព្រះអាទិត្យ រះឡើង ។ ព្រះសិទ្ធត្ថៈអង្គនោះ ទ្រង់ដល់នូវសម្ពោធិញ្ញាណហើយ ចម្លងមនុស្ស ព្រមទាំងទេវតា បង្អុរភ្លៀង គឺធម៌ ហើយញ៉ាំង មនុស្ស ព្រមទាំងទេវតា ឲ្យរលត់ទុក្ខ ។ ព្រះអង្គមានតេជះថ្លឹង ពុំបាន ទ្រង់មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងលើកទី ១ មានពួកសត្វមួយសែនកោដិ ។ តមក ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ កោដិ ក្នុងកាលព្រះសម្ពុទ្ធទ្រង់ទូងស្គរ គឺ ធម៌ ក្នុងដែនឈ្មោះភីមៈ ។ ការត្រាស់ដឹងលើកទី ៣ មានពួកស ត្វ ៩០ កោដិ ក្នុងកាលដែលព្រះពុទ្ធប្រសើរជាងជនអង្គនោះ ទ្រង់សម្តែងធម៌ ទៀបភ្នំឈ្មោះវេភារៈ ។ ព្រះមហេសីព្រះនាម សិទ្ធត្ថៈ មានសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ឥត មានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ ។ ឋានៈ គឺសន្និបាតទាំង ៣ ក្នុងសមាគមនៃព្រះខីណាស្រព ដែលមិនមាន មន្ទិលនុ៎ះ មានចំនួន ១០០ កោដិម្តង ៩០ កោដិម្តង ៨០ កោដិ ម្តង ។ សម័យនោះ តថាគតជាតាបសឈ្មោះមង្គលៈ មានតេជះ ខ្ពង់ខ្ពស់ គេគ្របសង្កត់មិនបាន ជាអ្នកប្រកបដោយកម្លាំងនៃ អភិញ្ញា ។ តថាគតបាននាំផ្លែព្រីង មកថ្វាយព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ ព្រះសម្ពុទ្ធទ្រង់ទទួលយកហើយ ទ្រង់បានត្រាស់ព្រះតម្រាស់នេះថា អ្នកទាំងឡាយ ចូរមើលជដិលតាបស ដែលមានតបៈខ្ពង់ខ្ពស់នេះ ចុះ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ៩៤ អំពី កប្បនេះទៅ ។ សត្វនេះ នឹងចេញពីបុរី ឈ្មោះកបិលពស្តុ ជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា ។