កោណាគមនពុទ្ធវំសោ
កោនាគមនពុទ្ធវង្សទី ២៣ កាលជាខាងក្រោយអំពីព្រះកក្កុសន្ធៈមក មានព្រះជិនស្រីសម្ពុទ្ធ ព្រះនាមកោនាគមនៈ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ ជា ធំក្នុងលោក ទ្រង់ប្រសើរជាងពួកជន ។ ព្រះសម្ពុទ្ធអង្គនោះ បាន បំពេញបារមីធម៌ទាំង ១០ កន្លងផ្លូវឆ្ងាយ គឺជាតិ លះបង់មន្ទិល ទាំងអស់ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រះកោនាគមនសម្ពុទ្ធ ជានាយក ញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ពួកសត្វចំនួន ៣ ម៉ឺនកោដិ បានត្រាស់ដឹងដំបូង ។ កាលទ្រង់ធ្វើបាដិហារិយ៍ ញាំញីពាក្យត្មះ តិះដៀលនៃជនដទៃ ពួកសត្វចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹងជា លើកទី ២ ។ លំដាប់ពីនោះ ព្រះជិនស្រីធ្វើនូវវិកុព្វនបាដិហារិយ៍ ហើយទ្រង់យាងទៅកាន់ទេវបុរី ព្រះសម្ពុទ្ធគង់នៅលើបណ្ឌុកម្ពលសិលា ក្នុងទេវលោកនោះ ។ ព្រះមុនីនោះ កាលសម្តែងសត្តបករណាភិធម្ម គង់ចាំវស្សា ( ក្នុងទេវលោក ) ពួកសត្វចំនួន មួយម៉ឺនកោដិ បានត្រាស់ដឹងជាលើកទី ៣ ។ ព្រះពុទ្ធជាទេវតា ទ្រង់ប្រសើរជាងទេវតាអង្គនោះ ទ្រង់មានសាវកសន្និបាតតែមួយ ដង ដែលសុទ្ធតែជាពួកព្រះខីណាស្រព ប្រាសចាកមន្ទិល មាន ចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ។ សាវកសមាគមក្នុងកាលនោះ មានភិក្ខុ ៣ ម៉ឺន ដែលកន្លងឱឃៈ ផ្តាច់បង់មច្ចុ ។ សម័យនោះ តថាគតជាក្សត្រ ឈ្មោះបព្វតៈ បរិបូណ៌ដោយមិត្ត និងអាមាត្យ មានពល និងពាហនៈច្រើន ។ តថាគតទៅគាល់ព្រះសម្ពុទ្ធ ស្តាប់ ធម៌ដ៏ប្រសើរ ហើយនិមន្តព្រះសង្ឃ ព្រមទាំងព្រះជិនស្រី ថ្វាយ ទានតាមសេចក្តីប្រាថ្នា ។ តថាគតបានថ្វាយវត្ថុ ៤ មុខ គឺសំពត់ ចីនប្រទេស ១ សំពត់សូត្រ ១ សំពត់កម្ពល ១ ស្បែកជើង មាស ១ ចំពោះព្រះសាស្តា ព្រមទាំងសាវ័ក ។