កស្សបពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 756

កស្សបពុទ្ធវង្សទី ២៤ កាលខាងក្រោយ អំពីព្រះពុទ្ធព្រះនាមកោនាគមនៈមក មានព្រះសម្ពុទ្ធព្រះនាមកស្សប ដ៏ឧត្តមជាងសត្វទ្វេបាទ ជាធម្មរាជ ទ្រង់ធ្វើពន្លឺ ។ ផ្ទះជាបឫសនៃត្រកូលព្រះពុទ្ធ ទ្រង់លះបង់ ហើយ ព្រះពុទ្ធនោះទ្រង់ឲ្យទាន គឺបាយ និងទឹកច្រើនដល់យាចក ទាំងឡាយ ហើយញ៉ាំងព្រះហបឫទ័យឲ្យពេញ ដល់សម្ពោធិញ្ញាណ ដ៏ឧត្តម ដូចជាគោឧសភទម្លាយនូវក្រោល ។ កាលព្រះកស្សបៈ ជាលោកនាយក ញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ពួកបរិស័ទចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹងជាគ្រាដំបូង ។ កាលព្រះសម្ពុទ្ធយាងទៅកាន់ ចារិកក្នុងទេវលោក អស់ ៤ ខែ ពួកបរិស័ទមួយម៉ឺនកោដិ បានត្រាស់ដឹងជាគ្រាទី ២ ។ ព្រះសាស្តាធ្វើយមកប្បាដិហារ្យ និង វិកុព្វនឫទ្ធិ សម្តែងនូវញាណធាតុ ពួកបរិស័ទ ៥ ពាន់កោដិ បានត្រាស់ដឹងជាគ្រាទី ៣ ។ ព្រះជិនស្រីសម្តែងធម៌ ក្នុងសុធម្មទេវបុរី ជាទីរីករាយក្នុងទេវលោកនោះ ញ៉ាំងទេវតា ៣ ពាន់កោដិ ឲ្យត្រាស់ដឹង ។ ក្នុងការសម្តែងធម៌ដទៃទៀត ដល់ទេវតាមនុស្ស និងយក្ខ ជនទាំងនោះ បានត្រាស់ដឹងរាប់មិនអស់ ។ ព្រះពុទ្ធជា ទេវតាដ៏ប្រសើរនោះ មានសាវកសន្និបាតតែមួយដង ដែលសុទ្ធតែ ជាពួកព្រះខីណាស្រព មិនមានមន្ទិល មានចិត្តស្ងប់រម្ងាប់ មាន ចិត្តនឹងធឹង ។ ការប្រជុំក្នុងកាលនោះ មានភិក្ខុ ២ ម៉ឺនរូប ដែល មានភពកន្លងហើយ មានចិត្តនឹងធឹង ដោយហិរិ និងសីល ។ កាល នោះ តថាគតជាមាណព ឈ្មោះជោតិបាល ជាអ្នករៀនមន្ត ចេះ ចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ។ តថាគតដល់នូវបារមីក្នុង គម្ពីរលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងព្រះសទ្ធម្មផង ឈ្លាសវៃក្នុងផែនដី និងអាកាស មានវិជ្ជាធ្វើរួចហើយ ជាអ្នក មិនមានរោគ ។