អដ្ឋកថាកស្សបពុទ្ធវង្សទី ២៤
កស្សបពុទ្ធវង្សទី ២៤ ខាងក្រោយសម័យនៃព្រះមានព្រះភាគកោនាគមនៈ កាលសាសនានៃ ព្រះអង្គអន្តរធានហើយ សត្វមានអាយុ ៣ ម៉ឺនឆ្នាំ ក៏ថយចុះដោយលំដាប់ រហូតដល់មានអាយុ ១០ ឆ្នាំ ហើយចម្រើនឡើងវិញ រហូតដល់មានអាយុ រាប់មិនអស់ ហើយក៏ថយចុះមកវិញដោយលំដាប់ រហូតដល់សត្វមានអាយុ ២ ម៉ឺនឆ្នាំ ។ ព្រះសាស្តាព្រះនាមកស្សបៈ ជាអ្នកគ្រប់គ្រងមនុស្សដ៏ច្រើន កើតឡើងក្នុងលោក ទ្រង់បំពេញបារមីទាំងឡាយហើយ កើតក្នុងស្ថានសួគ៌ ជាន់តុសិត ចុតិអំពីនោះហើយ បដិសន្ធិក្នុងផ្ទៃរបស់ព្រាហ្មណីឈ្មោះធនវតី ជាអ្នកមានគុណបរិបូណ៌នៃព្រាហ្មណ៍ឈ្មោះព្រហ្មទត្ត ក្នុងនគរពារាណសី ។ លុះគ្រប់កំណត់ទសមាស ក៏ប្រសូតចាកផ្ទៃព្រះជននី ក្នុងឥសិបតនមិគទាយវ័ន តែញាតិទាំងឡាយថ្វាយព្រះនាមព្រះអង្គដោយគោត្ត កស្សបកុមារ ទ្រង់នៅជាឃរាវាស ២ ពាន់ឆ្នាំ មានប្រាសាទ ៣ ឈ្មោះហំសវា ១ យសវា ១ និងសិរិនន្ទៈ ១ មានស្រីបម្រើ ៤ ម៉ឺន ៨ ពាន់នាក់ មាននាងសុនន្ទាព្រាហ្មណីជាប្រធាន ។ កាលបុត្តឈ្មោះវិជិតសេនរបស់នាងសុនន្ទាព្រាហ្មណី កើតហើយ ព្រះពោធិសត្វឃើញនិមិត្ត ៤ យ៉ាង កើតសេចក្តីសង្វេគ កាល ព្រះអង្គទ្រង់ត្រិះរិះបុណ្ណោះ ប្រាសាទក៏វិលដូចក្តារយន្ត សម្រាប់ធ្វើភាជន៍ដី របស់ស្មូនឆ្នាំង អណ្តែតទៅកាន់អាកាស កាលមនុស្សចោមរោមហើយ ដូច ព្រះទិន្នករក្នុងសរទរដូវ ដែលជាគ្រឿងធ្វើឲ្យល្អក្រៃលែង ដែលពួកផ្កាយ ។ ចោមរោមហើយ អណ្តែតទៅហាក់បីដូចប្រដាប់អាកាស ហាក់បីដូចប្រកាស បុញ្ញានុភាព ហាក់បីដូចឆក់ទាញកែវភ្នែក និងដួងចិត្តរបស់ជន ដូចត្រួយឈើ ទាំងឡាយល្អក្រៃលែង ត្រង់កណ្តាល ហើយចុះលើផែនដី ដោយឲ្យដើម និគ្រោធ ដែលជាពោធិព្រឹក្សនៅត្រង់កណ្តាល ។ កាលនោះ ព្រះពោធិសត្វ ដែលមហាសត្វឈរត្