សន្តិកេនិទាន

ក្បាលទី 62 · ទំព័រ 825

សន្តិកេនិទាន ព្រះមានព្រះភាគ កាលគង់ឧទានហើយ ក៏ទ្រង់មានព្រះតម្រិះថា អាត្មាអញ អន្ទោលទៅមកអស់ ៤ អសង្ខេយ្យ និង ១ សែនកប្ប ព្រោះហេតុ នៃបល្ល័ង្កនេះៗ ជាវិជយបល្ល័ង្ក មង្គលបល្ល័ង្ករបស់អញ អញអង្គុយលើ បល្ល័ង្កនេះ ការត្រិះរិះមិនបរិបូណ៌ដរាបណា អញក៏មិនក្រោកឡើងចាកបល្ល័ង្ក នេះដរាបនោះ ទ្រង់ចូលសមាបត្តិច្រើនសែនកោដិ គង់លើបល្ល័ង្កនោះអស់ ៧ ថ្ងៃ ដែលលោកពោល ( ក្នុងវិនយបិដកមហាវគ្គ ) ថា គ្រានោះឯង ព្រះដ៏ មានព្រះភាគ ទ្រង់គង់ដោយព្រះភ្នែនតែមួយអស់ ៧ ថ្ងៃ ក្រោមម្លប់ពោធិព្រឹក្ស ទ្រង់សោយវិមុត្តិសុខ ( គឺសុខក្នុងផលសមាបត្តិ ) ដូច្នេះ ។ គ្រានោះ ទេវតាពួកខ្លះកើតបរិវិតក្កៈថា ថ្ងៃនេះ ព្រះសិទ្ធត្ថ ក៏នៅមាន កិច្ចដែលត្រូវធ្វើពិត ព្រោះទ្រង់មិនទាន់លះអាល័យក្នុងបល្ល័ង្ក ។ លំដាប់នោះ ព្រះសាស្តាទ្រង់ជ្រាបវិតក្កៈរបស់ទេវតាទាំងឡាយ ក៏ហោះឡើងទៅកាន់អាកាស ទ្រង់សម្តែងយមកប្បាដិហារ្យ ដើម្បីរម្ងាប់សេចក្តីត្រិះរិះរបស់ទេវតាទាំងនោះ កាលទ្រង់រម្ងាប់សេចក្តីត្រិះរិះរបស់ទេវតាទាំងឡាយ ដោយបាដិហារ្យនេះ យ៉ាងនេះហើយ ទ្រង់ឈរក្នុងចំណែកទិសឧត្តរ ឆៀងទិសខាងកើតបន្តិច អំពី បល្ល័ង្ក ទ្រង់ត្រិះរិះថា តថាគតត្រាស់ដឹងសព្វញ្ញុតញ្ញាណក្នុងបល្ល័ង្កនេះហើយ ហ្ន៎ ទ្រង់ទតបល្ល័ង្ក និងពោធិព្រឹក្សដែលជាទីសម្រេចផលនៃបារមីទាំងឡាយ ដែលទ្រង់បំពេញមកអស់ ៤ អសង្ខេយ្យ និង ១ សែនកប្ប ដោយព្រះនេត្រ មិនប៉ប្រិច ទ្រង់សម្លឹងមើលអស់ ៧ ថ្ងៃ ទីនោះ មានឈ្មោះថា អនិមិសចេតិយ ។