និគមនកថា
កិរិយាពណ៌នាពុទ្ធវង្ស ដែលមានលម្អដោយន័យដ៏ វិចិត្រ ដែលបុគ្គលដឹងនូវបទពណ៌នាបានងាយ ដល់នូវ សេចក្តីសម្រេចដោយកថា មានប្រមាណបុណ្ណេះ ។ ខ្ញុំនាំយកគន្លងរបស់បុរាណដ្ឋកថា ដែលប្រកាស សេចក្តីនៃបាលី ជាគោលតែម្យ៉ាង ចងនូវអដ្ឋកថា ពុទ្ធវង្ស ។ ព្រោះវៀរបង់នូវពាក្យដែលសាំញ៉ាំ ( ដដែលៗ ) ប្រកាសតែសេចក្តីដែលពីរោះ សព្វប្រការ ហេតុនោះ ទើបឈ្មោះថា មធុរត្ថវិលាសិនី ។ កាលសាធុជន អ្នកមានវាចាពីរោះ ឈ្មោះកណ្ហទាសៈ សាងវិហារដែលមានកំពែង និងខ្លោងទ្វារដ៏ល្អ ដោយអាការ ផ្សេងៗ ដល់ព្រមដោយម្លប់ និងទឹក គួរមើល គួរត្រេកអរ ជាទីចង្ហៀតចង្អល់នៃទុរជន ដែលត្រូវកិលេសប្រទូស្ត ជាទី សប្បាយដល់បុគ្គល ដែលមានសេចក្តីសុខ ដែលកើត អំពីវិវេក គួរជាទីត្រេកអរនៃចិត្តត្រ ង់កំពង់ឈ្មោះកាវីរៈ ដែលជាត្រើយ ពោរពេញដោយផ្លូវទឹកនៃស្ទឹងកាវីរៈ គួរ ជាទីត្រេកអរ ដេរដាសដោយស្ត្រី និងបុរសផ្សេងៗ ។ ខ្ញុំនៅលើប្រាសាទនៃទិសខាងកើត ក្នុងវិហារនោះ ដែលជាទីត្រជាក់ រចនាអដ្ឋកថា ពណ៌នាពុទ្ធវង្ស ។ អដ្ឋកថាពណ៌នាពុទ្ធវង្សនេះ សម្រេចដោយល្អ មិន មានអន្តរាយ យ៉ាងណា សូមតម្រិះត្រូវរបស់ជនទាំងឡាយ ដែលប្រពៃដោយធម៌ ចូរដល់នូវសេចក្តីសម្រេច ដោយ ប្រាសចាកអន្តរាយ យ៉ាងនោះចុះ ។ ខ្ញុំអ្នករចនាអដ្ឋកថាពុទ្ធវង្សនេះ សម្រេចដោយមិន មានអន្តរាយ ស្ងប់គ្រប់កាល ។ សូមរោគទាំងពួង ក្នុងមនុស្សទាំងឡាយ វិនាស ទៅ សូមភ្លៀងធ្លាក់ត្រូវតាមរដូវកាល សូមសត្វនរក មានសេចក្តីសុខជានិច្ច ពួកបិសាច គឺប្រេតទាំងឡាយ ចូរ ប្រាសចាកសេចក្តីស្រេកឃ្លាន ។