អកិត្តិចរិយាទី ១
អំពើណាដែលតថាគតបានប្រព្រឹត្តហើយ ក្នុងរវាងនេះ អស់ ៤ អសង្ខេយ្យ កម្រៃមួយសែនកប្ប អំពើទាំងអស់នោះ ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ តថាគតលើកទុកនូវអំពើ ដែលតថាគតបានប្រព្រឹត្ត ក្នុងភពតូច និងភពធំ ក្នុងកប្បដែល កន្លងទៅហើយ នឹងសម្តែងតែអំពើដែលតថាគតបានប្រព្រឹត្តហើយ ក្នុងភទ្ទកប្បនេះ អ្នកចូរស្តាប់តថាគតចុះ ។ កាលដែលតថាគតជាតា បសឈ្មោះ អកិត្តិ ចូលទៅនៅក្នុងព្រៃធំ និងព្រៃតូច ជាព្រៃ ស្ងាត់សូន្យឈឹង ។ កាលនោះ ព្រះឥន្ទអ្នកគ្របសង្កត់ទេវលោក ទ្រង់ក្តៅដោយតេជះ គឺតបធម៌នៃតថាគត ក៏ក្លែងភេទជាព្រាហ្មណ៍ ចូលមករកតថាគតដើម្បីសូមភិក្ខា ។ តថាគតឃើញព្រាហ្មណ៍ ឈរទៀបទ្វារបណ្ណសាលារបស់តថាគត ក៏ឲ្យស្លឹកដង្កៀបក្តាមទាំងអស់ ដែលតថាគតនាំមកពីព្រៃ ជាស្លឹកមិនមានប្រេង មិនមាន រសប្រៃ ព្រមទាំងភាជន៍ ។ លុះតថាគតឲ្យស្លឹកដង្កៀបក្តាមដល់ ព្រាហ្មណ៍ហើយ ក៏ផ្កាប់ភាជន៍ លះបង់នូវការស្វែងរកទៀត ហើយ ចូលទៅក្នុងបណ្ណសាលា ។ ក្នុងថ្ងៃទី ២ និងថ្ងៃទី ៣ ព្រាហ្មណ៍ ចូលមកក្នុងសម្នាក់តថាគតទៀត តែតថាគតមិនញាប់ញ័រ មិនជាប់ជំពាក់ បានឲ្យយ៉ាងនុ៎ះទៀត សរីរៈរបស់តថាគត មិនមានប្លែក ភេទ ព្រោះហេតុទាននោះ តថាគតញ៉ាំងកាលឲ្យប្រព្រឹត្តកន្លងទៅ អស់ថ្ងៃនោះ ព្រោះសេចក្តីត្រេកអរ ដោយសុខដែលកើតអំពីបីតិ ។ បើតថាគតបានទក្ខិណេយ្យបុគ្គលដ៏ប្រសើរ អស់ ១ ខែ ឬ ២ ខែទៀត តថាគតមិនញាប់ញ័រ មិនរួញរានឹងឲ្យទានដ៏ឧត្តមឡើយ ។ តថាគតកាលឲ្យទាន ដល់ឥន្ទព្រាហ្មណ៍នោះ ទាំងបានប្រព្រឹត្តនូវ អំពើទាំងឡាយនោះ មិនប្រាថ្នានូវយស និងលាភទេ តថាគត ប្រាថ្នាចំពោះសព្វញ្ញុតញ្ញាណ តែម្យ៉ាង ។