អដ្ឋកថាអកិត្តិចរិយា
អកិត្តិចរិយា គ្រានោះ ព្រះមានព្រះភាគ កាលទ្រង់ញ៉ាំងឧស្សាហ៍ក្នុងការស្តាប់ បុព្វចរិយារបស់ព្រះអង្គ ឲ្យកើតដល់ព្រះសារីបុត្តត្ថេរ និងដល់បរិស័ទទាំង ទេវតា និងមនុស្សហើយ ឥឡូវនេះ កាលទ្រង់ធ្វើបុព្វចរិយានោះ ដែល អន្តរភពបិទបាំងឲ្យប្រចក្ស ដូចផ្លែកន្ទួតព្រៃលើបាតដៃ ដូច្នោះ ទើបត្រាស់ ព្រះតម្រាស់ជាដើមថា កាលដែលតថាគតជាតាបស ឈ្មោះអកិត្តិ ចូលទៅនៅក្នុងព្រៃធំ និងព្រៃតូច ជាព្រៃស្ងាត់សូន្យឈឹង ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា យទា បានដល់ ក្នុងកាលណា ។ បទថា ព្រហារញ្ញេ បានដល់ ក្នុងព្រៃធំ អធិប្បាយថា ក្នុងព្រៃធំឈ្មោះថា អរញ្ញានី ។ បទថា សុញ្ញេ បានដល់ ស្ងាត់ចាកជន ។ បទថា វិបិនកាន់នេ បានដល់ ព្រៃតូចដែលស្ងាត់ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងការស្ងាត់របស់ព្រៃនោះ ដោយពីរបទ ។ បទទាំងអស់នោះ លោកពោលសំដៅដល់ ការទីប ( កោះ ដើមតង្កៀបក្តាម ) ។ បទថា អជ្ឈោគាហេត្វា បានដល់ ចូលទៅអាស្រ័យ ។ បទថា វិហរាមិ សេចក្តីថា តថាគតកម្ចាត់ទុក្ខនៃរាងកាយ គឺញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយឥរិយាបថវិហារដ៏វិសេសជាងសុខ ដែលកើតអំពី អានេញ្ជវិហារ គឺការនៅមិនញាប់ញ័រ ដែលជារបស់ទិព្វ ជារបស់ព្រហ្ម ជា របស់អរិយៈ ។ បទថា អកិត្តិ នាម តាបសោ សេចក្តីថា ក្នុងកាលណា តថាគតជាតាបសមានឈ្មោះយ៉ាងនេះ នៅក្នុងព្រៃនោះ ក្នុងកាលនោះ ព្រះសាស្តា ត្រាស់ដល់ភាពដែលព្រះអង្គជាតាបសឈ្មោះអកិត្តិ ដល់ព្រះធម្មសេនាបតី ដូចមានកថាជាលំដាប់ដូចតទៅ បានឮថា ក្នុងអតីតកាល ភទ្ទកប្បនេះឯង កាលព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក ្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូល ព្រាហ្មណមហាសាល មានសម្បត្តិ ៨០ កោដិ ញាតិទាំងឡាយដាក់ឈ្មោះ ថា អកិត្តិ ។