សង្ខព្រាហ្មណចរិយាទី ២

ក្បាលទី 63 · ទំព័រ 62

មានចរិយាដទៃទៀត កាលដែលតថាគតកើតជាព្រាហ្មណ៍ ឈ្មោះសង្ខៈ មានប្រាថ្នាដើម្បីឆ្លងមហាសមុទ្រ សំដៅទៅកាន់កំពង់ ( តម្ពលិត្តិ ) ។ កាលនោះ តថាគតបានឃើញព្រះបច្ចេកពុទ្ធ ដែលត្រាស់ដឹងឯង ទ្រង់ឈ្នះមារ កំពុងនិមន្តទៅកាន់ផ្លូវលំបាក លើផែនដីរដិបរដុបដ៏ក្តៅ ត្រង់ផ្លូវជួបគ្នានោះ ។ លុះតថាគតឃើញ ព្រះបច្ចេកពុទ្ធ ត្រង់ផ្លូវជួបគ្នានោះ ក៏គិតនូវសេចក្តីនេះថា ស្រែ បុណ្យនេះ រមែងសម្រេចដល់សត្វ អ្នកប្រាថ្នានូវបុណ្យ ប្រៀបដូច បុរសអ្នកភ្ជួរ ឃើញស្រែ ឬសួនច្បារធំ មិនព្រោះពូជក្នុងស្រែនោះ ទេ បុរសនោះ ឈ្មោះថា ជាអ្នកមិនត្រូវការដោយស្រូវ យ៉ាងណាមិញ ។ តថាគតជាអ្នកចង់បានបុណ្យ បើឃើញស្រែបុណ្យ ដ៏ប្រសើរថ្លៃថ្លាហើយ មិនធ្វើសក្ការៈទេ តថាគតឈ្មោះថាជាអ្នក មិនត្រូវការដោយបុណ្យ យ៉ាងនោះឯង ។ ម្យ៉ាងទៀត ប្រៀបដូច អាមាត្យមានប្រាថ្នា ជាធំក្នុងក្រសួងត្រា ( ហើយបណ្តេញ ) ពួក ជនក្នុងវាំងរបស់ស្តេច មិនឲ្យទ្រព្យ និងស្រូវដល់ជនទាំងនោះ អាមាត្យនោះ រមែងសាបសូន្យចាកត្រា យ៉ាងណាមិញ តថាគត ជាអ្នកប្រាថ្នាបុណ្យ បានឃើញទក្ខិណេយ្យបុគ្គលដ៏ធំទូលាយ ហើយមិនឲ្យទានដល់ទក្ខិណេយ្យបុគ្គលនោះ តថាគតរមែងសាបសូន្យ ចាកបុណ្យ ក៏យ៉ាងនោះដែរ ។ តថាគតលុះគិតឃើញយ៉ាង នេះហើយ ក៏ដោះស្បែកជើង ថ្វាយបង្គំព្រះបាទានៃព្រះបច្ចេកពុទ្ធ នោះ រួចប្រគេនឆត្រ និងស្បែកជើង ។ ហេតុនោះ បានជាតថាគត ចម្រើនដោយសេចក្តីសុខ ដល់នូវសេចក្តីសុខ ដោយរយគុណ ម្យ៉ាងទៀត តថាគតកាលបំពេញទាន ក៏បានឲ្យទានដល់ព្រះ បច្ចេកពុទ្ធ យ៉ាងនេះឯង ។