កុរុធម្មចរិយាទី ៣
ចរិយាដទៃទៀត កាលតថាគតជាស្តេច ឈ្មោះធនញ្ជ័យ នៅក្នុងឥន្ទបត្តបុរីដ៏ឧត្តម ប្រកបដោយកុសលធម៌ ១០ ព្រាហ្មណ៍ ទាំងឡាយ នៅក្នុងដែនកាលិង្គៈ ចូលទៅរកតថាគត សូមដំរីដ៏ ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មតថា ជា សត្វមង្គល ដោយពាក្យថា ជនបទ ( នៃយើងខ្ញុំព្រះអង្គ ) មិន មានភ្លៀង ទុរ្ភិក្ស អត់ឃ្លានខ្លាំងណាស់ សូមព្រះអង្គប្រទានដំរី ប្រសើរ ដែលមានសម្បុរខេវោ ឈ្មោះអញ្ជ័ន ។ បើស្មូមមកដល់ ហើយ តថាគតមិនគួរប្រកែក ការសមាទានរបស់តថាគត កុំបែកធ្លាយ ឡើយ ដូច្នេះ តថាគតនឹងឲ្យដំរីប្រសើរ ។ តថាគតចាប់ដំរី ត្រង់ប្រមោយ ច្រូចទឹកកុណ្ឌី ជាវិការនៃកែវ លើដៃព្រាហ្មណ៍ ហើយឲ្យដំរីដល់ព្រាហ្មណ៍ ។ កាលតថាគតបានឲ្យដំរី ដល់ពួក ព្រាហ្មណ៍ហើយ មានពួកអាមាត្យក្រាបទូលពាក្យនេះថា ហេតុដូចម្តេច បានជាព្រះអង្គ ប្រទានដំរីដ៏ប្រសើររបស់ព្រះអង្គ ដែលជាដំរី នាំឲ្យបានទ្រព្យ ប្រកបដោយមង្គល ជាដំរីឧត្តមក្នុងសង្រ្គាមជ័យ ដល់ពួកស្មូម កាលបើព្រះអង្គប្រទានដំរីដ៏ប្រសើរ ដល់ពួកស្មូម នោះហើយ ព្រះអង្គសោយរាជ្យធ្វើអ្វី ។ តថាគតតបថា តថាគត អាចនឹងឲ្យរាជ្យទាំងអស់ របស់តថាគតដល់ស្មូមក៏បាន ឬនឹងឲ្យ សរីរៈរបស់ខ្លួនដល់ពួកស្មូមក៏បាន ដ្បិតសព្វញ្ញុតញ្ញាណ ជាទី ស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត ឲ្យ ដំរីដ៏ប្រសើរ ។ កុរុធម្មចរិយាទី ៣ ចប់