សិវិរាជចរិយាទី ៨
កាលតថាគតជាក្សត្រ ឈ្មោះសិវិ សោយរាជ្យក្នុងនគរ អរិដ្ឋៈ អង្គុយក្នុងប្រាសាទដ៏ប្រសើរ តថាគតគិតយ៉ាងនេះថា ទាន ណាមួយជារបស់មនុស្ស ទាននោះ គឺអញមិនដែលឲ្យហើយ មិន មានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឲ្យ ( ដល់យាចកនោះ ) ។ សក្កៈជាធំជាងពួកទេវតា បានដឹងនូវសេចក្តីត្រិះរិះរបស់តថាគត អង្គុយនៅក្នុងទេវបរិស័ទ ក៏ពោលនូវពាក្យនេះថា ស្តេចសិវិ មានឫទ្ធិច្រើន គង់ក្នុងប្រាសាទ ដ៏ប្រសើរ កំពុងពិចារណានូវទានផ្សេងៗ ( ដែលខ្លួនឲ្យហើយ ) ស្តេចនោះ មិនឃើញនូវវត្ថុ ដែលខ្លួនមិនធ្លាប់ឲ្យសោះឡើយ ។ ការណ៍នុ៎ះពិត ឬមិនពិតអេះ បើដូច្នេះ អញនឹងល្បងស្តេចនោះ មើល អ្នកទាំងឡាយ ចូររង់ចាំមួយរំពេច ទម្រាំយើងបានដឹងនូវ ព្រះរាជហបឫទ័យនៃស្តេចនោះ ( ព្រះឥន្ទក៏ក្លែងខ្លួនជាព្រាហ្មណ៍ ) មានសក់ស្កូវ មានខ្លួនជ្រួញជ្រីវ ទុរន់ទុរាដោយជរា ព្រមទាំងមាន សម្បុរអាក្រក់ ដើរញញាក់ញញ័រ ចូលទៅរកព្រះរាជា ។ គ្រានោះ ព្រាហ្មណ៍នោះផ្គងដៃឆ្វេង និងដៃស្តាំ ហើយធ្វើអញ្ជលីលើសិរ្សៈ ពោលពាក្យនេះថា បពិត្រធម្មិកមហារាជ ជាអ្នកញ៉ាំងដែនឲ្យ ចម្រើន ខ្ញុំព្រះអង្គសូមអង្វរព្រះអង្គ កិត្តិសព្ទរបស់ព្រះអង្គ ថា ត្រេកអរក្នុងទាន ល្បីទូទ័រទៅក្នុងទេវលោក និងមនុស្សលោក ។ ភ្នែកទាំងពីរនៃទូលព្រះបង្គំ ត្រូវងងឹតបៀតបៀនហើយ សូមព្រះអង្គ ប្រទាននូវព្រះនេត្រមួយ ដល់ទូលព្រះបង្គំ ចំណែកព្រះអង្គ សូមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយព្រះនេត្រម្ខាងចុះ ។ តថាគត ឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏រីករាយ មានចិត្តសង្វេគ ធ្វើអញ្ជលី មានសេចក្តីត្រេកអរ ហើយពោលថា ខ្ញុំទើបនឹងគិត ឃើញអម្បាញ់មិញនេះ ហើយចុះអំពីប្រាសាទមកក្នុងទីនេះ អ្នក ទំនងជាដឹងច