សសបណ្ឌិតចរិយាទី ១០
ចរិយាដទៃទៀត កាលតថាគតកើតជាទន្សាយ ត្រាច់ទៅក្នុង ព្រៃ មានស្មៅ ស្លឹកឈើ បន្លែ និងផ្លែឈើជាអាហារ វៀរចាក ការបៀតបៀនសត្វដទៃ ។ កាលនោះ ស្វា ចចក ភេ និង តថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច ។ តថាគត ប្រៀនប្រដៅសម្លាញ់ទាំង ៣ នោះ ដែលមានកិរិយាល្អ និងកិរិយា អាក្រក់ថា អ្នកទាំងឡាយ ចូរវៀរនូវអំពើអាក្រក់ ហើយចូរតម្កល់ ខ្ជាប់ក្នុងអំពើល្អ ។ តថាគតឃើញព្រះចន្ទពេញវង់ ក្នុងថ្ងៃឧបោសថ ក៏ប្រាប់ដល់សម្លាញ់នុ៎ះ ក្នុងទីនោះថា ថ្ងៃនេះ ជាថ្ងៃឧបោសថ ។ អ្នកទាំងឡាយ ចូរចាត់ចែងទាន ដើម្បីឲ្យដល់ទក្ខិណេយ្យបុគ្គល លុះបានឲ្យទានដល់ទក្ខិណេយ្យបុគ្គលរួចហើយ ចូររក្សាឧបោសថ ។ សត្វជាសម្លាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយ ចាត់ចែងទានតាមសេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល ។ ឯតថាគត ដេកគិតនូវទានដែលសមគួរដល់ ទក្ខិណេយ្យបុគ្គលថា បើអញបានទក្ខិណេយ្យបុគ្គល តើអញនឹង ឲ្យទានដូចម្តេច ។ ល្ង និងសណ្តែកបាយនៃអញគ្មានទេ សណ្តែក រាជមាស អង្ករ និងខ្លាញ់នៃអញក៏គ្មានដែរ អញញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅដោយស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេ ដូច្នេះ បើមានទក្ខិណេយ្យបុគ្គលណាមួយ ដើរមកក្នុងសម្នាក់អញដើម្បី ភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន នឹងមិនឲ្យទក្ខិណេយ្យបុគ្គលនោះ មានដៃទទេទៅវិញឡើយ ព្រះឥន្ទដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយ ក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅតថាគត ដើម្បី ល្បងទានរបស់តថាគត ។ តថាគតឃើញឥន្ទព្រាហ្មណ៍នោះហើយក៏ ត្រេកអរ បានពោលពាក្យនេះថា ពេញជាល្អមែន អ្នកមកក្នុង សម្នាក់ខ្ញុំ ព្រោះហេតុតែអាហារ ។