អដ្ឋកថាសីលវនាគចរិយា

ក្បាលទី 63 · ទំព័រ 249

សីលវនាគចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងសីលវនាគចរិយាទី ១ នៃវគ្គទី ២ ដូចតទៅ បទថា កុញ្ជរោ បានដល់ ជាដំរី ។ បទថា មាតុបេសកោ បានដល់ បម្រើមាតាចាស់ភ្នែកខ្វាក់ ។ បទថា មហិយា បានដល់ ក្នុងផែនដី ។ បទថា គុណេន បានដល់ ដោយសីលគុណ ។ ក្នុងកាលនោះ មិនមានបុគ្គលស្មើ តថាគត ។ បានឮថា ព្រះពោធិសត្វក្នុងកាលនោះ កើតក្នុងកំណើតដំរី ក្នុងហិមវន្តប្បទេស ។ ដំរីនោះជាដំរីសសុទ្ធ មានរូបស្អាត បរិបូរដោយលក្ខណៈ ជាមេហ្វូង មានដំរីបរិវារ ១ សែន ។ ចំណែកមាតារបស់ព្រះពោធិសត្វភ្នែក ខ្វាក់ ។ ព្រះពោធិសត្វដាក់ផលាផលមានរសឆ្ងាញ់ ក្នុងប្រមោយនៃដំរីទាំងឡាយ បញ្ជូនទៅដើម្បីមាតា ។ ដំរីទាំងឡាយមិនយកទៅឲ្យមាតា ទំពាស៊ី ឯង ។ ព្រះពោធិសត្វឃ្លាំសង្កេតមើលក៏ដឹងរឿង គិតថា អញនឹងលះបង់ហ្វូង ចិញ្ចឹមមាតាឯង លុះកណ្តាលយប់ កាលដំរីទាំងឡាយមិនដឹង ក៏នាំមាតា ទៅកាន់ជើងភ្នំចណ្ឌោរណបព៌ត ចូលទៅអាស្រ័យស្រះឈូកមួយ ឲ្យមាតា នៅក្នុងគុហាភ្នំ ហើយចិញ្ចឹមរក្សា ។ ព្រានព្រៃម្នាក់វង្វេងផ្លូវ មិនអាចកំណត់ទិសបាន យំរៀបរាប់ដោយ សំឡេងខ្លាំង ។ ព្រះពោធិសត្វបានឮសំឡេងរបស់ព្រានព្រៃនោះ ទើបគិតថា បុរសនេះឥតទីពឹង ដរាបណាអាត្មាអញ័រស់នៅ បុរសនេះវិនាសទៅក្នុងទីនេះ មិនជាការសមគួរឡើយ ។ ទើបចូលទៅរកព្រានព្រៃ ឃើញព្រានព្រៃរត់ ព្រោះខ្លាច ទើបសួរថា នែអ្នក អ្នកកុំភ័យព្រោះអាស្រ័យយើងឡើយ កុំរត់ថ្វី ឡើយ ហេតុអ្វី ទើបអ្នកត្រាច់ទួញយំ ដូច្នេះ ព្រានព្រៃឆ្លើយថា ខ្ញុំវង្វេងផ្លូវ ថ្ងៃនេះជាថ្ងៃទី ៧ ហើយ ។