អដ្ឋកថាភូរិទត្តចរិយា
ភូរិទត្តចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងភូរិទត្តចរិយាទី ២ ដូចតទៅនេះ ឈ្មោះ ថា ភូរិទត្តោ បានដល់ បុគ្គលមានបញ្ញាស្មើដោយផែនដី ទើបឈ្មោះថា ភូរិទត្ត ឈ្មោះដែលមាតាបិតារបស់ព្រះពោធិសត្វដាក់ឲ្យ ក្នុងកាលនោះថា ទត្ត ។ ព្រះពោធិសត្វនោះ វិនិច្ឆ័យបានដោយល្អនូវបញ្ញា ដែលកើតឡើងក្នុង នាគពិភព ក្នុងស្ថានរបស់វិរូបក្ខមហារាជ និងក្នុងតាវត្តិង្ស ។ ថ្ងៃមួយ កាល ព្រះបាទវិរូបក្ខមហារាជទៅកាន់ស្ថានត្រៃត្រិង្សជាមួយនាគបរិស័ទ រួចអង្គុយ ចោមរោមសក្កទេវរាជ បញ្ញាបានប្រាកដឡើងក្នុងរវាងពួកទេវតា បុគ្គលណាមួយ មិនអាចឆ្លើយប្រស្នានោះបាន ។ ព្រះមហាសត្វអង្គុយលើបល្ល័ង្កដ៏ប្រសើរ ដែលសក្កៈអនុញ្ញាត ឆ្លើយនូវបញ្ញានោះបាន ។ លំដាប់នោះ សក្កទេវរាជ ក៏បូជាព្រះមហាសត្វដោយគ្រឿងក្រអូប និងផ្កាដែលជាទិព្វ ហើយពោលថា ទត្តៈ អ្នកមានបញ្ញាដូចផែនដី តាំងពីនោះមក ព្រះពោធិសត្វក៏មានឈ្មោះថា ភូរិទត្ត ។ បទថា ភូរិ ជាឈ្មោះរបស់ផែនដី ព្រោះហេតុនោះ ទើបព្រះមហា សត្វប្រាកដឈ្មោះថា ភូរិទត្ត ព្រោះត្រេកអរក្នុងអត្ថតាមសេចក្តីពិត ព្រោះស្មើដោយផែនដី ព្រោះប្រកបដោយបញ្ញាធំដូចផែនដី ឈ្មោះថា មិហិទ្ធកោ ព្រោះប្រកបដោយឫទ្ធិរបស់នាគដ៏ធំ ដោយប្រការដូច្នេះ ។ បានឮថា ក្នុងអតីតកាល ក្នុងកប្បនេះឯង ព្រះរាជឱរសរបស់ព្រះបាទ ពារាណសី ត្រូវបិតានិរទេសចេញអំពីដែន ក៏ចូលទៅកាន់ព្រៃ បាននៅរួម ជាមួយនាគមាណវិកាម្នាក់ កាលនៅរួមគ្នាក៏បានទារក ២ អង្គ ប្រុស ១