អដ្ឋកថាមហិសរាជចរិយា
មហិសរាជចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងមហិសរាជចរិយាទី ៥ ដូចតទៅនេះ បទថា មហឹសោ បវនចារកោ គប្បីប្រកបសេចក្តីថា ក្នុងកាលតថាគត ជាក្របីព្រៃ ត្រាច់ទៅក្នុងព្រៃធំ ។ បទថា បវឌ្ឍកាយោ សេចក្តីថា មាន កាយធំធាត់ ដោយវ័យសម្បូរ និងដោយការធំរបស់អវ័យវៈតូចធំ ។ បទថា ពលវា បានដល់ មានកម្លាំងច្រើន បរិបូរដោយសន្ទុះ ។ បទថា មហន្តោ បានដល់ មានរាងកាយធំ បានឮថា កាយរបស់ព្រះពោធិសត្វក្នុងកាលនោះ ប្រមាណបុនដំរីជំទង់ ។ បទថា ភីមទស្សនោ សេចក្តីថា គួរស្បើម ព្រោះឲ្យ កើតនូវការខ្លាចដល់បុគ្គលដែលមិនស្គាល់សីល ព្រោះរាងកាយធំសម្បើម និងព្រោះជាក្របីព្រៃ ។ បទថា បព្ភារេ បានដល់ ត្រង់ញកភ្នំមានថ្មសំយុង ។ បទថា ទកាសយេ បានដល់ ក្បែរបឹង ។ បទថា ហោតេត្ថ ឋានំ បានដល់ ប្រទេសក្នុងព្រៃធំ ដែលជាលំនៅរបស់ក្របីព្រៃ ។ បទថា តហឹ តហឹ បាន ដល់ ក្នុងព្រៃនោះៗ ។ បទថា វិចរន្តោ បានដល់ ត្រាច់ទៅដើម្បីរកផាសុក ក្នុងការនៅ ។ បទថា ឋានំ អទ្ទស្ស ភទ្ទកំ ទ្រង់សម្តែងថា កាលតថាគតត្រា ច់ទៅយ៉ាងនេះ បានឃើញទីមួយត្រង់គល់ឈើ ដែលជាទីចម្រើនក្នុងព្រៃ ធំនោះ ជាផាសុករបស់តថាគត កាលឃើញហើយ ទើបចូលទៅកាន់ទីនោះ ឈរ និងដេក រកអាហារក្នុងពេលថ្ងៃ ហើយទៅត្រង់គល់ឈើនោះ ញ៉ាំង កាលវេលាឲ្យកន្លងទៅដោយការឈរ និងការដេក ។ បានឮថា ក្នុងកាលនោះ ព្រះពោធិសត្វកើតក្នុងកំណើតក្របីក្នុងហិមវន្តប្បទេស កាលចម្រើនវ័យ សម្បូរដោយកម្លាំង មានរាងកាយធំប្រមាណ បុនដំរីជំទង់ ត្រាច់ទៅតាមជើងភ្នំ ញកភ្នំ ល្អាងភ្នំ ព្រៃ និងជ្រោះជាដើម ឃើញគល់ឈើធំគួរសប្បាយមួយដើម រកអាហារហើយ ក៏មកអាស្រ័យនៅ ត្រង់គល់ឈើនោះក្នុងពេលថ្ងៃ ។