រុរុមិគចរិយាទី ៦
មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចម្រឹគ ឈ្មោះរុរុ សម្បុរស្បែកដូចមាស ដែលជាងដុតល្អ ប្រកបដោយ សីលដ៏ឧត្តម ។ កាលនោះ ប្រទេសដែលគួរឲ្យត្រេកអរ គួរឲ្យ រីករាយ ជាប្រទេសស្ងាត់សូន្យ មិនមានមនុស្ស នៅជិតច្រាំង ទន្លេគង្គា គួរជាទីរីករាយនៃចិត្ត តថាគតបានចូលទៅនៅក្នុងទីនោះ ។ កាលនោះ មានបុរសម្នាក់ ( ចំពាក់បំណុលគេ ) ត្រូវ ពួកម្ចាស់ទ្រព្យតឹងទារខ្លាំង ក៏លោតទម្លាក់ខ្លួនចុះ ក្នុងទីខាងលើខ្សែ ទឹកទន្លេគង្គា ដោយគិតថា អញ័រស់ក៏ដោយ ស្លាប់ក៏ដោយ ។ បុរសនោះ ត្រូវខ្សែទឹកទន្លេគង្គាកួចទៅក្នុងទឹកធំ អស់មួយយប់ មួយថ្ងៃ ស្រែកនូវសម្រែកគួរអាណិត អណ្តែតទៅក្នុងកណ្តាល ទន្លេ ។ តថាគតឮសំឡេងនៃបុរសនោះ កំពុងខ្សឹកខ្សួលគួរអាណិត ស្ថិតនៅទៀបឆ្នេរនៃស្ទឹង ក៏ស្រែកសួរថា អ្នកជាមនុស្សឬ ។ បុរសនោះ ដែលតថាគតសួរហើយក៏ ប្រាប់ហេតុរបស់ខ្លួនក្នុង កាលនោះថា ខ្ញុំភ័យតក់ស្លុតខ្លាំងនឹងពួកម្ចាស់បំណុល ហើយស្ទុះ មកក្នុងស្ទឹងធំនេះ ។ តថាគតមានសេចក្តីអាណិត ចំពោះបុរស នោះ ក៏ប្រថុយលះបង់ជីវិតរបស់ខ្លួន ចូលទៅនាំយកបុរសនោះ មក ក្នុងរាត្រីដ៏ងងឹត ។ តថាគតដឹងនូវកាលនៃបុរសនោះ បាត់ សេចក្តីលំបាកហើយ ក៏ពោលពាក្យនេះនឹងបុរសនោះថា ខ្ញុំសូមពរ មួយនឹងអ្នកថា ចូរអ្នកកុំប្រាប់រូបខ្ញុំដល់អ្នកណាមួយឡើយ ។ បុរស នោះទៅកាន់នគរវិញ ស្តេចសួរហេតុតែចង់បានទ្រព្យ ក៏ក្រាបទូល ( ដល់ស្តេច ) ហើយនាំស្តេចចូលទៅកាន់សម្នាក់តថាគត ។ តថាគតប្រាប់ហេតុសព្វគ្រប់ដល់ស្តេច ស្តេចលុះបានស្តាប់ពាក្យ នោះហើយ ក៏បានសម្រេចព្រះហបឫទ័យថា ត្រូវសម្លាប់បុរសនេះ ដោយកូនសរ ( ទ្រង់ត្រាស់ថា ) អញនឹងសម្លាប់បុរសទ្រុស្តមិត្ត ដ៏អាក្រក់ក្នុងទីនេះ ។