ធម្មទេវបុត្តចរិយាទី ៨
មានចរិយាដទៃទៀត កាលតថាគតកើតជាទេវបុត្រ មាន អានុភាពធំ ឈ្មោះធម្មៈ មានសក្តិធំ មានឫទ្ធិច្រើន ជាអ្នកអនុគ្រោះ ដល់សត្វលោកទាំងពួង ។ កាលនោះ តថាគតញ៉ាំងមហាជនឲ្យ តម្កល់នៅក្នុងកុសលកម្មបថ ១០ ត្រាច់ទៅក្នុងស្រុក និងនិគមជាមួយនឹង មិត្ត ជាមួយនឹងជនជាបរិវារ ។ មានទេវបុត្រមួយអង្គ មាន ធម៌លាមក កំណាញ់ ស្វិតស្វាញ សម្តែងនូវធម៌លាមក ១០ ប្រការ ទេវបុត្រនោះត្រាច់ទៅលើផែនដីដ៏ធំ ក្នុងជម្ពូទ្វីបនេះ ជាមួយនឹង មិត្ត ជាមួយនឹងជនជាបរិវារ ។ យើងជាទេវបុត្រទាំងពីរ នាក់ គឺទេវបុត្រអ្នកពោលនូវធម៌ និងទេវបុត្រអ្នកពោលនូវអធម៌ ទៅជាសត្រូវនឹងគ្នា យើងទាំងពីរនាក់ ត្រូវបររថប៉ះនឹម ដោយនឹម ក្នុងផ្លូវជួបគ្នា ។ ជម្លោះជាហេតុញ៉ាំងភ័យឲ្យកើត ប្រព្រឹត្តទៅដល់ កល្យាណទេវបុត្រ និងបាបទេវបុត្រ មហាសង្រ្គាមក៏តាំងឡើង ដើម្បីប្រជែងផ្លូវគ្នា ។ បើតថាគតខឹងនឹងអធម្មទេវបុត្រ មានតែ តថាគតទម្លាយតបោគុណ គឺសីលដ៏ប្រសើរ តថាគតគប្បីធ្វើនូវ អធម្មទេវបុត្រនោះ ព្រមទាំងជនជាបរិស័ទ ឲ្យទៅជាធូលីក៏បាន ។ បុន្តែតថាគតរម្លត់ចិត្ត ដើម្បីរក្សាសីល តថាគត ព្រមទាំងជនជា បរិស័ទ ក៏បរចៀសបើកផ្លូវឲ្យបាបទេវបុត្រ ។ កាលតថាគត ព្រមទាំង ជនជាបរិស័ទ រម្លត់ចិត្ត បររថចៀសអំពីផ្លូវហើយ មហាប្រឹថពី ក៏ស្រូបបាបទេវបុត្រ ក្នុងខណៈនោះ ។ ធម្មទេវបុត្តចរិយាទី ៨ ចប់