អដ្ឋកថាជយទិសចរិយា
ជយទិសចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងជយទិសចរិយាទី ៩ ដូចទៅ បទថា បញ្ចាលរដ្ឋេ បានដល់ ក្នុងជនបទមានឈ្មោះយ៉ាងនេះ ។ បទថា នគរវរេ កប្បិលាយំ បានដល់ ក្នុងឧត្តមនគរ ដែលមានឈ្មោះយ៉ាងនេះថា កប្បិលា ។ ការពោលថា នគរវរេ ហើយនៅតែពោលថា បុរុត្តមេ ទៀត ដើម្បីសម្តែង ថា នគរនោះ ជានគរដ៏ប្រសើរជាងនគរទាំងអស់ ក្នុងជម្ពូទ្វីប ក្នុងកាលនោះ ។ បទថា ជយទ្ទិសោ នាម សេចក្តីថា ព្រះរាជាប្រសូតក្នុងកាលបិតាទ្រង់ឈ្នះ សត្រូវរបស់ទ្រង់ ឬទ្រង់ឈ្នះជយទិស គឺយក្ខិនីដែលជាសត្រូវរបស់ព្រះអង្គ ព្រោះហេតុនោះ ទើបទ្រង់បានព្រះនាមយ៉ាងនេះ ។ បទថា សីលគុណមុបគតោ បានដល់ ទ្រង់ប្រកបដោយអាចារសីល និងគុណធម៌របស់ព្រះរាជា មានការដល់ព្រមដោយព្រះឧស្សាហៈជាដើម អធិប្បាយថា ទ្រង់ ដល់ព្រមដោយសីលគុណនោះ ។ បទថា តស្ស រញ្ញោ បានដល់ នៃព្រះបាទជយទិសរាជ ។ ឲ្យបន្ថែម ពាក្យថា ខ្ញុំជាព្រះរាជឱរសរបស់ព្រះរាជាអង្គនោះ ចូលមក ។ បទថា សុតធម្មោ បានដល់ ឈ្មោះថា ធម៌ ដែលព្រះរាជបុត្តនោះ គប្បីស្តាប់ ។ ឈ្មោះថា សុតធម្មោ ព្រោះទ្រង់ស្តាប់ធម៌ទាំងពួង អធិប្បាយថា ជា ពហូសូត ។ ម្យ៉ាងទៀត បទថា សុតធម្មោ សេចក្តីថា មានធម៌ប្រាកដ ហើយ ប្រាកដឈ្មោះបោះសំឡេងដោយធម្មចរិយា សមចរិយា អធិប្បាយថា មានធម៌ជាកិត្តិយស ផ្សាយទៅក្នុងលោក ។ បទថា អលីនសត្តោ គឺមាន ឈ្មោះយ៉ាងនេះ ។ បទថា គុណវា បានដល់ ប្រកបដោយគុណរបស់ មហាបុរស ដែលធំក្រៃលែង ។ បទថា អនុរក្ខបរិជនោ សទា សេចក្តីថា មើលថែបរិវារជនអស់កាលជានិច្ច ព្រោះប្រកបដោយគុណវិសេសមាន សទ្ធាជាដើម និងព្រោះសង្គ្រោះដោយសង្គហវត្ថុ ៤ ដោយប្រពៃ ។