អដ្ឋកថាសង្ខបាលចរិយា

ក្បាលទី 63 · ទំព័រ 383

សង្ខបលចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខបាលចរិយាទី ១០ ដូចតទៅ នេះថា សេចក្តីសង្ខេបក្នុងបទថា សង្ខបលោ ជាដើម មានដូច្នេះ ឈ្មោះថា មហិទ្ធិកោ ព្រោះប្រកបដោយឫទ្ធិរបស់មហានាគ ដូចគ្នានឹងភោគសម្បត្តិ របស់ទេវតា ។ ឈ្មោះថា ទាថាវុធោ ព្រោះមានចង្កូម ៤ ជាអាវុធ គឺ ខាងក្រោម ២ ខាងលើ ២ ។ ឈ្មោះថា ឃោរវិសោ ព្រោះតេជះនៃពិស ខ្ពស់ ។ ឈ្មោះថា ទ្វិជីវ្ញោ ព្រោះប្រកបដោយអណ្តាតបែកជាពីរ សម្រេច មកអំពីកំណើតរបស់នាគ ។ ឈ្មោះថា ឧរគាធិភូ ព្រោះភាពជាធំជាងនាគ ទាំងឡាយ សូម្បីមានអានុភាពច្រើន ក៏បានឈ្មោះថា ឧរគ ព្រោះទៅដោយ ទ្រូង ។ បទថា ចតុប្បថេ បានដល់ ក្នុងទីនោះ ផ្លូវពីរខ្សែប្រសព្វគ្នា ។ បទថា មហាមគ្គេ បានដល់ ជាទីដែលមហាជនសញ្ចរទៅមក ជានិច្ច ជាកាល ។ បទថា នានាជនសមាកុលេ បានដល់ ព្រោះទីនោះ មាន មហាជនច្រើន ។ បទថា ចតុរោ អង្គេ បានដល់ ដោយអំណាចនៃអង្គ ៤ ដែលនឹងពោលក្នុងឥឡូវនេះ ។ បទថា អធិដ្ឋាយ បានដល់ អធិដ្ឋាន គឺការតាំង ចិត្ត ។ កាលណាតថាគត ជានាគមានរូប តាមដែលពោលហើយ ឈ្មោះថា សង្ខបល កាលនោះ តថាគតសម្រេចការនៅក្នុងទីដូចពោល ហើយខាងដើម គឺសម្រេចការនៅ ដោយការរក្សាឧបោសថ ។ ពិតហើយ ព្រះមហាសត្វជាអ្នកខ្វល់ខ្វាយក្នុងបុណ្យ មានទាន និងសីល ជាដើម អន្ទោលទៅក្នុងគតិរបស់ទេវតា និងមនុស្សទាំងឡាយ ដោយការ ស្វែងរកពោធិញ្ញាណ ជួនកាលកើតក្នុងនាគពិភព ដែលមានសម្បត្តិដូចគ្នានឹង សម្បត្តិរបស់ទេវតា ជានាគឈ្មោះសង្ខបាល មានឫទ្ធិច្រើន មានអានុភាព ច្រើន ។ នាគរាជនោះ កាលកន្លងទៅ រង្កៀសសម្បត្តិនោះ ប្រាថ្នាកំណើត មនុស្ស ទើបរក្សាឧបោសថ ។