យុធញ្ជយចរិយាទី ១
នេក្ខម្មាទិបរមី ៣ យុធញ្ជយចរិយាទី ១ កាលដែលតថាគតកើតជារាជបុត្រ ( នៃស្តេចសព្វទត្ត ) ឈ្មោះយុធញ្ជ័យ ជារាជកុមារមានបរិវារ និងយស រាប់មិនបាន ក្នុងកាលនោះ តថាគតកើតសេចក្តីសង្វេគ ព្រោះឃើញតំណក់ ទឹកសន្សើម ដែលរីងហួតដោយកម្តៅព្រះអាទិត្យ ។ តថាគត យកតំណក់ទឹកសន្សើមនោះ ជាអធិបតី ចម្រើននូវសេចក្តីសង្វេគ ថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយសូមបព្វជ្ជា ។ ពួករាជបុរស ព្រមទាំងអ្នកនិគម អ្នកនៅក្នុងដែន ផ្គងអញ្ជលីអង្វរតថាគត ថា បពិត្រព្រះរាជបុត្រ សូមព្រះអង្គម្ចាស់គ្រប់គ្រងមហាប្រឹថពី ដែលសម្រេចដោយសម្បត្តិដ៏ស្តុកស្តម្ភ ក្នុងថ្ងៃនេះចុះ ។ តថាគត មិនមានអាល័យ លះបង់រាជបុរស ព្រមទាំងស្តេច ស្រីស្នំ អ្នកនិគម និងអ្នកនៅក្នុងដែន ដែលកំពុងខ្សឹកខ្សួល គួរឲ្យអាណិត ។ តថាគតលះបង់រាជ្យលើផែនដី ញាតិ ជនជាបរិស័ទ និងយសទាំង អស់ ឥតមានគិតដល់ ព្រោះហេតុពោធិញ្ញាណតែម្យ៉ាង ។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងយសដ៏ធំ ក៏មិនមែន ជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណជាទីស្រឡាញ់របស់ តថាគត ព្រោះហេតុនោះ បានជាតថាគតលះបង់រាជ្យ ។ យុធញ្ជយចរិយាទី ១ ចប់