អដ្ឋកថាយុធញ្ជយចរិយា
យុធញ្ជយចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងយុធញ្ជយចរិយាទី ១ នៃវគ្គទី ៣ ដូចតទៅ នេះ បទថា អមិតយសោ បានដល់ មានបរិវារ និងសម្បត្តិប្រមាណ មិនបាន ។ បទថា រាជបុត្តោ យុធញ្ជយោ បានដល់ មានឈ្មោះថា យុធញ្ជយ ជាឱរសរបស់ព្រះរាជា ព្រះនាមសព្វទត្តៈ ក្នុងរម្មនគរ ។ ក្រុងពារាណសីនេះ ក្នុងឧទយជាតក ឈ្មោះថា សុរុន្ធននគរ ក្នុង ចូឡសុត្តសោមជាតក ឈ្មោះថា សុទស្សននគរ ក្នុងសោណនន្ទជាតក ឈ្មោះថា ព្រហ្មវឌ្ឍននគរ ក្នុងខណ្ឌហាលជាតក ឈ្មោះថា បុប្ផវតីនគរ តែក្នុងយុធញ្ជយជាតក ឈ្មោះថា រម្មនគរ ។ ជួនកាល ឈ្មោះរបស់នគរនេះ ប្រែប្រួលទៅយ៉ាងនេះ ដូចលោកពោលថា ព្រះរាជបុត្រជាឱរសរបស់ព្រះរាជា ព្រះនាមសព្វទត្តៈ ក្នុងរម្មនគរ ។ ព្រះរាជាអង្គនោះ មានព្រះរាជឱរស ១ ពាន់អង្គ ព្រះពោធិសត្វជាឱរសច្បង ព្រះរាជាទ្រង់ប្រទានតំណែង ឧបរាជឲ្យ ។ ព្រះរាជឱរសនោះ ទ្រង់ឲ្យទានរាល់ៗ ថ្ងៃ តាមន័យដូច ពោលហើយខាងដើមនោះឯង ។ ពេលវេលាកន្លងទៅយ៉ាងនេះ ថ្ងៃមួយ ព្រះពោធិសត្វឡើងប្រថាប់លើ រថដ៏ប្រសើរអំពីព្រលឹម យាងប្រពាសព្រះរាជឧទ្យាន ដោយយសសម្បត្តិ និងសិរីដ៏ធំ ទតឃើញដំណក់ទឹកសន្សើមដែលជាប់លើត្រួយឈើ ចុងស្មៅ មែកឈើ និងត្រង់សម្បុកពីងពាំងជាដើម មានលក្ខណៈដូចបណ្តាញកែវមុក្តា ត្រាស់សួរថា ម្នាលសារថី នុ៎ះជាអ្វី កាលទ្រង់ស្តាប់ថា នុ៎ះគឺដំណក់ទឹកសន្សើម ដែលធ្លាក់ក្នុងពេលមានសន្សើម ។ ព្រះរាជា ទ្រង់រវល់សប្បាយរីករាយក្នុង ព្រះរាជឧទ្យានអស់មួយថ្ងៃ លុះដល់ពេលល្ងាចក៏យាងត្រឡប់ ទ្រង់មិនឃើញ ដំណក់ទឹកសន្សើមទាំងនោះ ទើបត្រាស់សួរថា នែសារថី ដំណក់ទឹកសន្សើម នោះ បាត់ទៅណាអស់ហ្ន៎ ឥឡូវនេះ យើងមិនឃើញដំណក់ទឹកសន្សើមទាំងនោះ កាលទ្រង់ស្តាប់ថា កាលព្រះអាទិត្យរះ