អយោឃរចរិយាទី ៣
មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជកុមារ ឈ្មោះអយោឃរៈ ជាឱរសនៃព្រះបាទកាសិករាជ ចម្រើនវ័យ វឌ្ឍនាការ ក្នុងផ្ទះជាវិការនៃដែក ។ ព្រះរាជបិតារបស់តថាគត ទ្រង់ត្រាស់នឹងតថាគតថា ម្នាលកូន ជីវិត ( របស់កូន ) រស់នៅ បានដោយលំបាក បិតាចិញ្ចឹមថែរក្សាកូន ក្នុងផ្ទះជាវិការនៃដែក ដ៏ចង្អៀត ចូរកូនគ្រប់គ្រងមហាប្រឹថពីទាំងមូលនេះ ព្រមទាំងដែន និគម និងពួកជនក្នុងថ្ងៃនេះ ។ តថាគតថ្វាយបង្គំ ប្រណម្យអញ្ជលី នូវព្រះមហាក្សត្រ ហើយពោលនូវពាក្យនេះថា ពពួកសត្វណាមួយ លើផែនដី ជាសត្វថោកទាប ឬខ្ពង់ខ្ពស់ និងកណ្តាល សត្វទាំងនោះ ពុំមានការរក្សាឡើយ តែងចម្រើនឡើងក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងពួកញាតិរបស់ខ្លួន ចម្លែកតែខ្ញុំព្រះអង្គ មានការចិញ្ចឹម ជីវិត ក្នុងផ្ទះជាវិការនៃដែក ដ៏ចង្អៀតនេះ ចាត់ទុកជាការខ្ពង់ខ្ពស់ ក្នុងលោក ខ្ញុំចម្រើនវ័យក្នុងផ្ទះជាវិការនៃដែក ដែលពុំមាន ពន្លឺព្រះចន្ទ និងព្រះអាទិត្យ ។ ខ្ញុំប្រសូតចេញចាកផ្ទៃនៃមាតា ដែល ពេញដោយសាកសព មានក្លិនស្អុយ ហើយត្រូវគេដាក់ក្នុងផ្ទះ ជាវិការនៃដែកទៀត បានសេចក្តីទុក្ខយ៉ាងខ្លាំង ជាងកាលដែលនៅក្នុង ផ្ទៃ នៃមាតានោះទៅទៀត ។ ខ្ញុំបានសេចក្តីទុក្ខ អាក្រក់ក្រៃលែង ប្រាកដដូច្នោះ បើខ្ញុំនៅត្រេកអរនឹងរាជ្យ ខ្ញុំជាបុគ្គលថោកទាបបំផុត ជាងបុរសដ៏លាមកទៅទៀត ។ ខ្ញុំជាបុគ្គលនឿយណាយ នឹងកាយ ស្អុយ ពុំត្រូវការដោយរាជ្យឡើយ ខ្ញុំស្វែងរកនូវទី ដែលមច្ចុរាជ ញាំញីមិនបាននោះ ដែលជាទីរម្លត់នូវទុក្ខ ។ តថាគតលុះគិតយ៉ាង នេះហើយ ពួកមហាជនក៏យំស្រែក តថាគតកាត់នូវចំណង ( គឺ តណ្ហា ) ហើយចូលកាន់ព្រៃធំ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវ ទន្លីង ។