ភឹសចរិយាទី ៤

ក្បាលទី 63 · ទំព័រ 436

ភឹសចរិយាទី ៤ មានចរិយាដទៃទៀត កាលដែលតថាគតកើតក្នុងត្រកូល ព្រាហ្មណ៍ ក្នុងក្រុងពារាណសី ដែនកាសី មានបងប្អូនស្រី និង បងប្អូនប្រុស ៧ នាក់ ។ តថាគតជាច្បងនៃជនទាំង ៧ នាក់នុ៎ះ ប្រកបដោយសុក្កធម៌ គឺហិរិ និងឱត្តប្បៈ ឃើញនូវភព ( មាន កាមភពជាដើម ) ថាគួរខ្លាច ហើយត្រេកអរក្នុងនេក្ខម្មៈ ។ ពួកស ម្លាញ់មានអធ្យាស្រ័យត្រូវគ្នា ដែលមាតាបិតាប្រើឲ្យទៅអញ្ជើញ តថាគត ដោយកាមទាំងឡាយថា អ្នកចូរទ្រទ្រង់វង្សត្រកូលចុះ ។ ពាក្យណាដែលពួកសម្លាញ់ទាំងនុ៎ះ បានពោលហើយ ជាពាក្យ នាំមកនូវសេចក្តីសុខ ក្នុងគិហិភាព ពាក្យនោះ ជាពាក្យអាក្រក់ សម្រាប់ខ្ញុំ ដូចជាភាជន៍ដ៏ក្តៅ ។ កាលនោះ ពួកសម្លាញ់ទាំងនោះ សួរសេចក្តីប្រាថ្នារបស់តថាគត នឹងតថាគត ដែលជាអ្នកបោះបង់ នូវកាមថា ម្នាលសម្លាញ់ បើអ្នកមិនបរិភោគកាមទេ អ្នកចង់បាន អ្វីទៅវិញ ។ តថាគតជាអ្នកប្រាថ្នាប្រយោជន៍ខ្លួន បានពោលពាក្យ នេះ ប្រាប់ពួកសម្លាញ់ទាំងនោះ ដែលស្វែងរកប្រយោជន៍ ( ដល់ តថាគត ) ថា ខ្ញុំត្រេកអរក្នុងនេក្ខម្មៈ ខ្ញុំមិនប្រាថ្នានូវគិហិភាពទេ ។ សម្លាញ់ទាំងនោះ ស្តាប់ពាក្យរបស់តថាគតបានហើយ ទៅជម្រាប មាតាបិតា ( នៃតថាគត ) ឯមាតាបិតាបាននិយាយនឹងតថាគត យ៉ាងនេះថា ម្នាលព្រាហ្មណ៍ដ៏ចម្រើន យើងទាំងអស់គ្នានឹងបួស ដែរ ។ មាតាបិតាទាំងគូ និងបងប្អូនប្រុសស្រីទាំង ៧ នាក់របស់ តថាគត លះបង់ទ្រព្យរាប់មិនអស់ ចូលទៅកាន់ព្រៃធំ ( ជាមួយនឹង តថាគត ) ។ ភឹសចរិយាទី ៤ ចប់