អដ្ឋកថាសោណបណ្ឌិតចរិយា
សោណបណ្ឌិតចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងសោណនន្ទបណ្ឌិតចរិយាទី ៥ ដូចតទៅ បទថា នគរេ ព្រហ្មវឌ្ឍនេ បានដល់ ក្នុងនគរឈ្មោះព្រហ្មវឌ្ឍនៈ ។ បទថា កុលវរេ បានដល់ ក្នុងត្រកូលដ៏ប្រសើរ ។ បទថា សេដ្ឋេ បានដល់ គួរ សរសើរបំផុត ។ បទថា មហាសាលេ បានដល់ ដែលមានវត្ថុជាសារៈ ច្រើន ។ បទថា អជាយហំ បានដល់ តថាគតបានកើតហើយ លោក អធិប្បាយថា ក្នុងកាលនោះ តថាគតបានកើត និងអាស្រ័យនៅក្នុងក្រុង ពារាណសី ដែលបានឈ្មោះថា ព្រហ្មវឌ្ឍនៈ ។ បានកើតក្នុងត្រកូល ព្រាហ្មណមហាសាល ព្រោះមានសម្បត្តិ ៨០ កោដិ ជាបុគ្គលប្រសើរ ដោយភាពជាបុគ្គលឧត្តម ព្រោះជាអភិជាតបុត្រ ជាបុគ្គលប្រសើរ ដោយ ភាពជាបុគ្គលដល់ព្រមដោយវិជ្ជា ។ បានឮថា ក្នុងកាលនោះ ព្រះមហាសត្វចុតិអំពីព្រហ្មលោក កើតជា បុត្ររបស់ព្រាហ្មណមហាសាលម្នាក់ មានសម្បត្តិ ៨០ កោដិ ក្នុងព្រហ្មវឌ្ឍននគរ ។ ក្នុងថ្ងៃដាក់ឈ្មោះកុមារនោះ មាតាបិតាបានដាក់ឈ្មោះថា សោណកុមារ ។ កាលសោណកុមារនោះដើរបាន សត្វដទៃចុតិអំពីព្រហ្មលោក បានបដិសន្ធិក្នុងផ្ទៃរបស់មាតាព្រះពោធិសត្វ មាតាបិតាដាក់ឈ្មោះថា នន្ទកុមារ ។ មាតាបិតាឃើញរូបសម្បត្តិរបស់បុត្រទាំងពីរ ដែលចម្រើនវ័យ រៀនចប់ត្រៃវេទ សម្រេចសិប្បៈសព្វយ៉ាង ត្រេកអរ គិតថា នឹងចងឲ្យនៅ គ្រប់គ្រងផ្ទះ បានពោលនឹងសោណកុមារថា កូនសម្លាញ់ ពុកមែនឹងនាំទារិកា អំពីត្រកូលដែលសមគួរមកឲ្យកូន ចូរកូនគ្រប់គ្រងសម្បត្តិចុះ ។ ព្រះមហាសត្វពោលថា ខ្ញុំមិនត្រូវការគ្រប់គ្រងផ្ទះ ខ្ញុំនឹងបដិបត្តិពុក មែដរាបដល់អស់ជីវិត កាលពុកមែអនិច្ចកម្មហើយ ខ្ញុំនឹងបួស ។ ព្រោះក្នុង កាលនោះភពទាំង ៣ បានប្រាកដដល់ព្រះមហាសត្វ ដូចផ្ទះដែលត្រូវភ្លើងឆេះ និងដូចនៅក្នុងរណ្តៅរងើកភ្