មច្ឆរាជចរិយាទី ១០

ក្បាលទី 63 · ទំព័រ 516

មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចត្រី នៅក្នុងមហាស្រះ លុះដល់គិម្ហសម័យ ដែលមានកម្តៅព្រះអាទិត្យ យ៉ាងខ្លាំង ទឹកក្នុងស្រះក៏រីងហួតអស់ ។ លំដាប់នោះ ក្អែក ត្មាត ខ្លែងក្រហម ខ្លែងខ្មៅ និងខ្លែងធំ ចុះទៅទំ ( លើភក់ ) ស៊ីនូវត្រី ទាំងឡាយ ទាំងយប់ ទាំងថ្ងៃ ។ តថាគត ព្រមទាំងពួកញាតិ ត្រូវ ពួកសត្វមានក្អែកជាដើម បៀតបៀនក្នុងទីនោះហើយ ក៏គិតយ៉ាង នេះថា ញាតិទាំងឡាយ ( របស់អញ ) នឹងរួចចាកទុក្ខដោយ ឧបាយដូចម្តេចហ្ន៎ ។ តថាគតគិតនូវធម៌ និងអត្ថហើយ បានឃើញ សច្ចៈ កាលឃើញសច្ចៈហើយ ស្ថិតនៅក្នុងសច្ចៈនោះ ដោះញាតិ ឲ្យរួចចាកសេចក្តីវិនាសធំទៅបាន ។ តថាគតរពឫកនូវធម៌របស់ សប្បុរសទាំងឡាយ ហើយពិចារណានូវបរមត្ថសច្ចៈ ធ្វើនូវសច្ចកិរិយា ដែលជាធម្មជាតទៀងទាត់ក្នុងលោកថា តថាគតរពឫកឃើញ នូវខ្លួនក្នុងកាលណា តថាគតបានដល់នូវភាពជាអ្នកដឹងក្តីក្នុងកាលណា ក្នុងកាលនោះ តថាគតមិនដែលក្លែងបៀតបៀន សូម្បីនូវ សត្វណាមួយឡើយ ។ ដោយពាក្យសច្ចៈនេះ សូមឲ្យមេឃបង្អុរ ភ្លៀងចុះ ម្នាលមេឃ ចូរអ្នកបង្អុរភ្លៀងចុះមក ចូរអ្នកញ៉ាំងកំណប់ ទ្រព្យរបស់ក្អែកឲ្យវិនាសអស់ទៅ ។ ចូរអ្នកញ៉ាំងពួកក្អែក ឲ្យ សោយសោក ចូរអ្នកញ៉ាំងពួកត្រី ឲ្យរួចចាកសោក ។ មេឃក៏បង្អុរ ភ្លៀងចុះមក ដំណាលនឹងពាក្យសច្ចៈដ៏ប្រសើរ ដែលតថាគតធ្វើ ហើយ ។ តថាគតធ្វើនូវសច្ចៈដ៏ប្រសើរ មានសភាពយ៉ាងនេះ ឲ្យជា ព្យាយាមដ៏ឧត្តម ភ្លៀងក៏ធ្លាក់ចុះមកបំពេញនូវទីទួល ទីទាបមួយ រំពេច ។ តថាគតអាស្រ័យកម្លាំងតេជះនៃសច្ចៈ បានញ៉ាំង មហាមេឃឲ្យបង្អុរភ្លៀង គុណធម៌ដទៃស្មើនឹងសច្ចៈនៃតថាគត ពុំ មានឡើយ នេះជាសច្ចបារមីរបស់តថាគត ។