អដ្ឋកថាមហាសុតសោមចរិយា

ក្បាលទី 63 · ទំព័រ 543

មហាសុតសោមចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងមហាសុតសោមចរិយាទី ១២ ដូចតទៅ នេះ បទថា សុតសោមោ មហីបតិ បានដល់ ជាក្សត្រព្រះនាមថា សុតសោម ។ បានឮថា ក្នុងកាលនោះ ព្រះមហាសត្វកើតក្នុងព្រះឧទររបស់អគ្គមហេសីនៃព្រះបាទកោរព្យៈ ក្នុងនគរឥន្ទបត្ថៈ ដែនកុរុ ។ ព្រះមាតាបិតាថ្វាយ ព្រះនាមព្រះរាជកុមារថា សុតសោម ព្រោះជាអ្នកត្រេកអរដោយការស្តាប់ និងព្រោះមានសម្បុរល្អដូចព្រះចន្ទ ។ កាលសុតសោមរាជកុមារ ទ្រង់ចម្រើន វ័យ សម្រេចសិប្បៈគ្រប់យ៉ាង មាតាបិតាទ្រង់អភិសេកក្នុងរាជសម្បត្តិ ។ បទថា គហិតោ បេរិសាទេន សេចក្តីថា ត្រូវព្រះរាជាក្រុងពារាណសីព្រះនាម បោរិសាទ ព្រោះទំពាស៊ីពួកមនុស្ស ចាប់ទៅដើម្បីពលីកម្មដល់ទេវតា ។ សេចក្តីនេះ នឹងពោលដោយសង្ខេបដូចតទៅ ព្រះបាទពារាណសី វៀរសាច់ហើយ សោយមិនចូល អ្នកគ្រួកាលមិនបានសាច់ដទៃ ក៏ចម្ហិន សាច់មនុស្សថ្វាយ ទ្រង់ជាប់ចិត្តក្នុងរស ទ្រង់ឲ្យសម្លាប់មនុស្ស ហើយ សោយសាច់មនុស្ស ទើបមានព្រះនាមថា បោរិសាទ ។ ពួកអ្នកនគរ អ្នកនិគម អ្នកជនបទ មានអមាត្យរាជបរិស័ទជាប្រធាន និងកាឡហត្ថីសេនាបតី របស់ព្រះអង្គ នាំគ្នាទូលថា បពិត្រទេវៈ បើទ្រង់ត្រូវការរាជសម្បត្តិ សូម ទ្រង់វៀរចាកការសោយសាច់មនុស្សចុះ ព្រះរាជាត្រាស់ថា ទោះបីយើង លះបង់រាជសម្បត្តិ ក៏មិនវៀរចាកការបរិភោគសាច់មនុស្ស ទើបត្រូវជនទាំង នោះនិទេ៌សចេញចាកដែន ចូលព្រៃ អាស្រ័យត្រង់គល់ជ្រៃមួយដើម ដើម្បី រក្សាមុខដំបៅត្រង់ជើង ព្រោះត្រូវដង្គត់ជង់ ទើបធ្វើការបន់ស្រន់ទេវតាថា ខ្ញុំនឹងយកឈាមបំពង់ករបស់ស្តេច ១០១ ក្នុងជម្ពូទ្វីប ធ្វើពលីកម្ម ។ កាល មុខរបួសសះស្បើយជាប្រក្រតី ព្រោះអត់អាហារអស់ ៧ ថ្ងៃ ក៏សម្គាល់ថា ជាអានុភាពរបស់ទេវតា