ឯករាជចរិយាទី ១៤
ក្បាលទី 63 · ទំព័រ 571
ឯករាជចរិយាទី ១៤ មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេច ឈ្មោះឯករាជ បានអធិដ្ឋានសីលដ៏ក្រៃលែង ហើយគ្រប់គ្រង មហាប្រឹថពី ក្នុងកាសិករដ្ឋ ។ តថាគតបានប្រព្រឹត្តកុសលកម្មបថ ១០ ឥតមានសេសសល់ សង្គ្រោះមហាជនដោយសង្គហវត្ថុទាំង ៤ ។ តថាគត មិនប្រមាទក្នុងលោកនេះ និងបរលោកយ៉ាងនេះ វេលានោះ ស្តេចក្នុងដែនកោសល ឈ្មោះទព្វសេន ចូលមក ដណ្តើមរាជបុរីរបស់តថាគត ។ ស្តេចទព្វសេន ធ្វើនូវអ្នកនិគម ព្រមទាំងពួកពល និងអ្នកជនបទ ដែលរស់នៅព្រោះអាស្រ័យ ស្តេចទាំងអស់ឲ្យតាំងនៅក្នុងដៃ ហើយជីកកប់តថាគតក្នុងរណ្តៅ ។ តថាគតបានឃើញនូវមណ្ឌលនៃអាមាត្យ រាជ្យ និងវាំងដ៏ស្តុកស្តម្ភ របស់តថាគត ដូចកូនជាទីស្រឡាញ់ ដែលត្រូវស្តេចទព្វសេន ដណ្តើមយកហើយ ( ក៏ផ្សាយមេត្តាចំពោះស្តេចទព្វសេននោះ ) គុណធម៌ដទៃ ស្មើនឹងមេត្តានៃតថាគត ពុំមានឡើយ នេះជាមេត្តា បារមីរបស់តថាគត ។ ឯករាជចរិយាទី ១៤ ចប់