និទានកថា
បណ្តាពាក្យទាំងនោះ ពាក្យថា អភិធម្ម សួរថា ឈ្មោះថា អភិធម្ម ព្រោះអត្ថដូចម្តេច ។ ឆ្លើយថា ព្រោះអត្ថថា ជាធម៌ដ៏ក្រៃលែង និងវិសេស ។ ពិតហើយ អភិ សព្ទ ក្នុងពាក្យថា អភិធម្ម នេះ សម្តែងដល់សេចក្តីថា ក្រៃលែង និងវិសេស ដូចក្នុងប្រយោគជាដើមថា ពាឡា មេ ទុក្ខា វេទនា អភិក្កមន្តិ នោ បដិក្កមន្តិ ទុក្ខវេទនាជាទម្ងន់ ចម្រើនឡើងដល់ខ្ញុំព្រះអង្គ មិនធូរថយទេ ដូច្នេះ និងពុទ្ធដីកាមួយកន្លែងទៀតថា អភិក្កន្តវណ្ណា មាន រស្មីរុងរឿង ដូច្នេះ ព្រោះហេតុនោះ ទើបពោលថា ប្រៀបដូចកាលឆត្រ និងទង់ជាច្រើនត្រូវលើកឡើងហើយ ឆត្រណាមានប្រមាណក្រៃលែង មាន ពណ៌សម្បុរ និងសណ្ឋានដែលវិសេសជាងឆត្រដទៃ ឆត្រនោះ ឈ្មោះថា អតិច្ឆត្ត ទង់ណាមានប្រមាណក្រៃលែង សម្បូរដោយភាពវិសេសនៃពណ៌ ដែលជ្រលក់ហើយផ្សេងៗ នុ៎ះឯង ទង់នោះ ហៅថា អតិធជោ និងប្រៀបដូច កាលពួករាជកុមារ និងពួកទេវតារួមប្រជុំគ្នាហើយ រាជកុមារណាក្រៃលែងជាង ដោយសម្បត្តិ មានជាតិ ភោគៈ យស និងភាពជាធំជាដើម និងមានឆវីវណ្ណ វិសេសជាង ព្រះរាជកុមារនោះ ហៅថា អតិរាជកុមារ ទេវតាណា ក្រៃលែងជាងដោយអាយុ វណ្ណៈ ឥស្សរិយៈ យស និងសម្បត្តិជាដើម និង មានឆវីវណ្ណវិសេសជាង ទេវតានោះ គេហៅថា អតិទេវ សូម្បីព្រហ្មដែល មានលក្ខណៈដូច្នោះ គេក៏ហៅថា អតីព្រហ្ម យ៉ាងណា សូម្បីធម៌នេះ ក៏ យ៉ាងនោះដូចគ្នា ហៅថា អភិធម្ម ព្រោះអត្ថថា ជាធម៌ដ៏ក្រៃលែង និង វិសេស ។