អធិគមនិទាន សុមេធកថាទី ១
អធិគមនិទាន ពោលដល់អធិគមនិទាន ចាប់តាំងអំពីព្រះទសពលព្រះនាមទីបង្ករ រហូតដល់មហាពោធិបល័្លង្ក និងពោលដល់ទេសនានិទាន រហូតដល់ទ្រង់ ប្រកាសធម្មចក្ករបស់ព្រះអភិធម្មនោះ ដែលព្រះមហានាគទាំងឡាយ នាំមកហើយ យ៉ាងនេះឯណា ដើម្បីការជាក់ច្បាស់នៃអធិគមនិទាន និងទេសនានិទាននោះ គប្បីជ្រាបអនុបុព្វីកថាដូចតទៅនេះ បានឮថា ក្នុងទីបំផុតនៃបួនអសង្ខេយ្យ ក្រៃលែងដោយមួយសែនកប្ប រាប់ថយក្រោយអំពីភទ្ទកប្បនេះទៅ មាននគរឈ្មោះថា អមរវតី ព្រាហ្មណ៍ ឈ្មោះសុមេធ ជាអ្នកកើតល្អហើយទាំងពីរចំណែក គឺជាអ្នកមានកំណើត បរិសុទ្ធល្អហើយ អំពីមាតា និងបិតា អស់ ៧ ជួរត្រកូល ជាបុគ្គលដែល បុគ្គលណាមួយមិនមើលងាយ មិនរង្កៀសដោយការពោលដល់ជាតិ ត្រកូល ជាអ្នកមានរូបល្អ គួរពិតពិលរមិលមើល នាំមកនូវសេចក្តីជ្រះថ្លា ប្រកបដោយ វណ្ណៈ និងទ្រង់ទ្រាយល្អ អាស្រ័យនៅក្នុងនគរអមរវតីនោះ ។ សុមេធព្រាហ្មណ៍នោះ មិនបានធ្វើការងារដទៃ ក្រៅពីរៀនសិប្បៈរបស់ព្រាហ្មណ៍ បុណ្ណោះ ។ ក្នុងវេលាដែលគេនៅជាកំលោះនុ៎ះឯង មាតាបិតាបានធ្វើកាលកិរិយាហើយ ។ គ្រានោះ រាសិវឌ្ឍកអមាត្យ បាននាំបញ្ជីទ្រព្យមក ហើយ បើកបន្ទប់ដែលពេញដោយមាសប្រាក់ កែវមណី និងកែវមុក្តាជាដើម ហើយ ប្រាប់ទ្រព្យរហូតដល់ ៧ តំណនៃត្រកូលថា ម្នាលកុមារ ទ្រព្យដែលជា របស់នៃមាតារបស់អ្នក មានប្រមាណបុណ្ណេះ ទ្រព្យដែលជារបស់នៃបិតា ជីតា ជីដូនរបស់អ្នក មានប្រមាណបុណ្ណេះជាដើម ហើយពោលថា ចូរអ្នកប្រើ ប្រាស់ទ្រព្យនោះ ។ សុមេធបណ្ឌិតគិតថា បិយជនទាំងឡាយរបស់អញ មានបិតា និងជីតា ជាដើម រួបរួមទ្រព្យនេះហើយ នាំគ្នាទៅកាន់បរលោក មិនបានកាន់យក សូម្បីតែកហាបណៈមួយទៅ ចំណែកអញនឹងធ្វើហេតុដែលអាចឲ្យកាន់យក ទៅបាន ទើបសមគួរ ហើយក៏ក