សោភិតកថាទី ៦

ក្បាលទី 64 · ទំព័រ 129

ក្នុងសម័យតអំពីព្រះរេវតសម្ពុទ្ធនោះមក ព្រះសាស្តា ទ្រង់ព្រះនាមថា សោភិតៈ ទ្រង់ឧប្បត្តិកឡើង សូម្បីសាវកសន្និបាតរបស់ព្រះអង្គ ក៏មាន ៣ លើក សន្និបាតលើកទី ១ មានភិក្ខុមួយរយកោដិ លើកទី ២ មានភិក្ខុ ៩០ កោដិ លើកទី ៣ មានភិក្ខុ ៨០ កោដិ ។ គ្រានោះ ព្រះពោធិសត្វ ជាព្រាហ្មណ៍ មាននាមថា អជិតៈ ស្តាប់ព្រះធម៌ ទេសនារបស់ព្រះសាស្តាហើយ តាំងនៅក្នុងសរណៈទាំងឡាយ បាន ថ្វាយមហាទានដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន សូម្បីព្រះសោភិតៈ ក៏ ព្យាករព្រះពោធិសត្វថា នឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគ ព្រះនាមថា សោភិតៈ នោះ មានឈ្មោះ ថា សុធម្ម ព្រះបិតាជាព្រះរាជា ព្រះនាមថា សុធម្ម ព្រះមាតាព្រះនាមថា សុធម្មា ព្រះអសមត្ថេរ និងព្រះសុនេត្តត្ថេរ ជាគូអគ្គសាវ័ក ពុទ្ធុប្បដ្ឋាក ឈ្មោះថា អនោមៈ ព្រះនាងនកុលាថេរី និងព្រះនាងសុជាតាថេរី ជាគូអគ្គសាវិកា ដើមខ្ទឹងជាឈើត្រាស់ដឹង ព្រះអង្គមានព្រះសរីរៈកម្ពស់ ៥៨ ហត្ថ មានព្រះជន្មាយុ ៩ ម៉ឺនព្រះវស្សា ។