បទុមកថាទី ៨
ក្នុងសម័យតមក ព្រះសាស្តាទ្រង់ព្រះនាមថា បទុមៈ ទ្រង់ឧប្បត្តិកឡើង សូម្បីសាវកសន្និបាតរបស់ព្រះអង្គ ក៏មាន ៣ លើក លើកទី ១ មានភិក្ខុ មួយសែនកោដិ លើកទី ២ មានភិក្ខុ ៣ សែនរូប លើកទី ៣ មានភិក្ខុ អ្នកអាស្រ័យនៅក្នុងព្រៃមហាវ័ន ក្នុងព្រៃស្ងាត់ មកប្រជុំគ្នា ២ សែនរូប ។ គ្រានោះ ព្រះតថាគតគង់នៅក្នុងព្រៃនោះឯង ព្រះពោធិសត្វជាស្តេច សីហៈ បានឃើញព្រះសាស្តា កំពុងចូលនិរោធសមាបត្តិហើយ មានចិត្ត ជ្រះថ្លា ក៏ក្រាបចុះថ្វាយបង្គំ ធ្វើប្រទក្សិណ មានបីតិសោមនស្សកើត ហើយ បន្លឺសីហនាទ ៣ ដង មិនលះបង់បីតិមានព្រះពុទ្ធជាអារម្មណ៍ មិនចេញទៅ ស្វែងរកអាហារ ព្រោះសេចក្តីសុខដែលកើតអំពីបីតិន៎ុះឯង បានធ្វើការលះបង់ ជីវិត ចូលទៅឈរយាមអស់ ៧ ថ្ងៃ កាលកន្លងទៅបាន ៧ ថ្ងៃ ព្រះសាស្តា ទ្រង់ចេញអំពីនិរោធហើយ ទតឃើញស្តេចសីហៈ ទ្រង់ព្រះតម្រិះថា សីហៈនេះ ញ៉ាំងចិត្តឲ្យជ្រះថ្លាសូម្បីក្នុងពួកភិក្ខុ ហើយនឹងថ្វាយបង្គំភិក្ខុសង្ឃ ចូរភិក្ខុសង្ឃមក ដូច្នេះ ភិក្ខុទាំងឡាយមកហើយ ក្នុងខណៈនោះមួយរំពេច ស្តេចសីហៈ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងសង្ឃ ព្រះសាស្តា ទ្រង់ប្រមើលមើល ភូមិកធម៌ដែលមាននៅក្នុងចិត្តរបស់ស្តេចសីហៈ ទើបព្យាករថា ក្នុងអនាគតកាល ស្តេចសីហៈនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា ចម្បកៈ ព្រះបិតា ជាព្រះរាជា ព្រះនាមថា អសមៈ ព្រះមាតាព្រះនាមថា អសមា ព្រះ សាលត្ថេរនិងព្រះឧបសាលត្ថេរ ជាគូអគ្គសាវ័ក ពុទ្ធុបដ្ឋាក ឈ្មោះថា វរុណៈ