សុមេធកថាទី ១១

ក្បាលទី 64 · ទំព័រ 135

ក្នុងសម័យខាងក្រោយអំពីព្រះបទុមុត្តរសម្ពុទ្ធអង្គនោះកន្លងទៅបាន ៧០ ពាន់កប្ប រាប់ថយក្រោយអំពីកប្បនេះទៅ ៣ ម៉ឺនកប្ប ក្នុងកប្បមួយ មាន ព្រះពុទ្ធទ្រង់ឧប្បត្តិកឡើង ២ ព្រះអង្គ គឺព្រះសុមេធសម្ពុទ្ធ និងព្រះសុជាតសម្ពុទ្ធ សាវកសន្និបាត របស់ព្រះសុមេធសម្ពុទ្ធនោះ ក៏មាន ៣ លើក លើកទីមួយ នៅក្នុងនគរសុទស្សនៈ មានភិក្ខុជាព្រះខីណាស្រព ១០០ កោដិ លើកទីពីរ ៩០ កោដិ លើកទីបី ៨០ កោដិ ។ គ្រានោះ ព្រះពោធិសត្វជាមាណព មានឈ្មោះថា ឧត្តរៈ លះបង់ទ្រព្យ ដែលកប់ទុក ៨០ កោដិ ថ្វាយមហាទានដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន ស្តាប់ធម៌ តាំងនៅក្នុងសរណៈទាំងឡាយហើយចេញបួស ព្រះពុទ្ធអង្គនោះ ក៏បានព្យាករព្រះពោធិសត្វនោះថា ក្នុងអនាគតកាល មាណពនេះ នឹងបាន ត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគព្រះនាមថា សុមេធៈ ឈ្មោះថា សុទស្សនៈ ព្រះបិតាជាព្រះរាជា ព្រះនាមថា សុទត្តៈ ព្រះមាតាព្រះនាមថា សុទត្តា ព្រះសរណត្ថេរ និងព្រះសព្វកាមត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក មាន នាមថា សាគរត្ថេរ ព្រះនាងរាមាថេរី និងព្រះនាងសុរាមាថេរីជាគូអគ្គសាវិកា ដើមស្តៅជាឈើត្រាស់ដឹង ព្រះសរីរៈកម្ពស់ ៨៨ ហត្ថ ព្រះជន្មាយុ ៩ ម៉ឺន ឆ្នាំ ។