អត្ថទស្សីកថាទី ១៤

ក្បាលទី 64 · ទំព័រ 140

ក្នុងសម័យខាងក្រោយព្រះសម្ពុទ្ធអង្គនោះ ព្រះមានព្រះភាគព្រះនាមថា អត្ថទស្សី ទ្រង់ឧប្បត្តិកឡើង សូម្បីសាវកសន្និបាតរបស់ព្រះមានព្រះភាគ អង្គនោះ មាន ៣ លើក លើកទី ១ មានភិក្ខុ ៩ លាន ៨ សែន លើកទី ២ មានភិក្ខុ ៨ ម៉ឺន ៨ ពាន់ លើកទី ៣ ក៏មានភិក្ខុ ៨ ម៉ឺន ៨ ពាន់ ដូចគ្ន្បា ។ គ្រានោះ ព្រះពោធិសត្វជាតាបសមានឫទ្ធិច្រើន មាននាមថា សុសីម បាននាំឆត្រផ្កាមន្ទារវៈ អំពីទេវលោកមកបូជាព្រះសាស្តា សូម្បីព្រះសាស្តា ក៏បានព្យាករព្រះពោធិសត្វនោះហើយ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា សោភណ ព្រះបិតា ជាព្រះរាជា ព្រះនាមថា សាគរៈ ព្រះមាតាព្រះនាមថា សុទស្សនា ព្រះ សន្តត្ថេរ និងព្រះឧបសន្តត្ថេរជាគូអគ្គសាវ័ក ព្រះឧបដ្ឋាក មាននាមថា អភ័យ ព្រះនាងធម្មាថេរី និងព្រះនាងសុធម្មាថេរី ជាគូអគ្គសាវិកា ដើមចម្បាជាឈើ ត្រាស់ដឹង ព្រះសរីរៈកម្ពស់ ៨០ ហត្ថ រស្មីព្រះវរកាយ ផ្សាយទៅជុំវិញ មួយយោជន៍អស់កាលជានិច្ច ព្រះជន្មាយុ ១ សែនឆ្នាំ ។