ផុស្សកថាទី ១៨
ក្នុងសម័យខាងក្រោយអំពីព្រះសម្មាសម្ពុទ្ធអង្គនោះមក ព្រះសាស្តា ព្រះនាម ថា ផុស្សៈ ទ្រង់ឧប្បត្តិកឡើង សូម្បីសាវកសន្និបាតរបស់ព្រះអង្គ ក៏ មាន ៣ លើក ក្នុងលើកទី ១ មានភិក្ខុ ៦ លាន ក្នុងលើកទី ២ មានភិក្ខុ ៥ លាន ក្នុងលើកទី ៣ មានភិក្ខុ ៣ លាន ២ សែន ។ គ្រានោះ ព្រះពោធិសត្វ ជាក្សត្រិយ៍ ព្រះនាមថា វិជិតាវី បានលះបង់ រាជសម្បត្តិធំ ចូលបួសក្នុងសម្នាក់ព្រះសាស្តា រៀនចប់ព្រះត្រៃបិដក បាន ពោលធម្មកថាដល់មហាជន និងបំពេញសីលបារមី សូម្បីព្រះពុទ្ធអង្គនោះ ក៏បានព្យាករព្រះពោធិសត្វនោះថា នឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា កាសី ព្រះរាជបិតា ព្រះនាមថា ជយសេនៈ ព្រះរាជមាតា ព្រះនាមថា សិរិមា ព្រះសុរក្ខិតត្ថេរ និងព្រះធម្មសេនត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកមាននាមថា សភិយៈ ព្រះនាងចាលាថេរី និងព្រះនាងឧបចាលាថេរី ជាគូអគ្គសាវិកា ដើមកន្ទួតព្រៃ ជាឈើត្រាស់ដឹង ព្រះសរីរៈកម្ពស់ ៥៨ ហត្ថ ព្រះជន្មាយុ ៩ ម៉ឺនឆ្នាំ ។