វិបស្សីកថាទី ១៩

ក្បាលទី 64 · ទំព័រ 146

ក្នុងសម័យខាងក្រោយអំពីព្រះសម្មាសម្ពុទ្ធអង្គនោះមក រាប់ចាប់អំពីកប្បនេះ ថយទៅ ក្នុងកប្បទី ៩១ ព្រះមានព្រះភាគ ព្រះនាមថា វិបស្សី ទ្រង់ ឧប្បត្តិកឡើង សាវកសន្និបាតរបស់ព្រះអង្គ មាន ៣ លើក ក្នុងសន្និបាត លើកទី ១ មានភិក្ខុ ៦ លាន ៨ សែន ក្នុងលើកទី ២ មានភិក្ខុ ១ សែន ក្នុងលើកទី ៣ មានភិក្ខុ ៨ ម៉ឺន ។ គ្រានោះ ព្រះពោធិសត្វ ជានាគរាជ មានឈ្មោះថា អតុលៈ មានឫទ្ធិ ច្រើន មានអានុភាពច្រើន បានថ្វាយតាំងមាសដែលរំលេចទៅដោយរតនៈ ៧ ប្រការ ដល់ព្រះមានព្រះភាគ សូម្បីព្រះមានព្រះភាគអង្គនោះ ក៏ទ្រង់ ព្យាករព្រះពោធិសត្វនោះថា រាប់អំពីកប្បនេះទៅ ក្នុងកប្បទី ៩១ នាគរាជ នេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះពុទ្ធអង្គនោះ មានឈ្មោះថា ពន្ធុមតី ព្រះរាជបិតា ព្រះនាម ថា ពន្ធុមា ព្រះរាជមាតា ព្រះនាមថា ពន្ធុមតី ព្រះខណ្ឌត្ថេរ និង ព្រះតិស្សត្ថេរជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកមាននាមថា អសោកៈ ព្រះនាង ចន្ទាថេរី និងព្រះនាងចន្ទមិត្តាថេរី ជាគូអគ្គសាវិកា ដើមច្រនៀង ជាឈើ ត្រាស់ដឹង ព្រះអង្គមានព្រះសរីរៈកម្ពស់ ៨០ ហត្ថ មានព្រះរស្មីផ្សាយទៅ ៧ យោជន៍ដោយជុំវិញ មានព្រះជន្មាយុ ៨ ម៉ឺនឆ្នាំ ។