សិខីកថាទី ២០

ក្បាលទី 64 · ទំព័រ 147

ក្នុងសម័យខាងក្រោយអំពីព្រះសម្មាសម្ពុទ្ធអង្គនោះមក រាប់ថយក្រោយ អំពីកប្បនេះ ក្នុងកប្បទី ៣១ មានព្រះពុទ្ធឧប្បត្តិកឡើង ២ ព្រះអង្គ គឺព្រះសិខី សម្ពុទ្ធ និងព្រះវេស្សភូសម្ពុទ្ធ សាវកសន្និបាតរបស់ព្រះមានព្រះភាគ ព្រះនាម ថា សិខី ក៏មាន ៣ លើក ក្នុងសន្និបាតលើកទី ១ មានភិក្ខុ ១ សែន រូប ក្នុងលើកទី ២ មានភិក្ខុ ៨ ម៉ឺនរូប ក្នុងលើកទី ៣ មានភិក្ខុ ៧ ម៉ឺនរូប ។ គ្រានោះ ព្រះពោធិសត្វ ជាព្រះរាជា ព្រះនាមថា អរិន្ទមៈ បានថ្វាយ មហាទាន មួយអន្លើដោយចីវរដល់ភិក្ខុ មានព្រះពុទ្ធជាប្រធាន បានថ្វាយដំរី កែវប្រដាប់ដោយរតនៈ ៧ ប្រការ បានថ្វាយកប្បិយភណ្ឌ មានគំនរប្រមាណ ប៉ុនស្តេចដំរី ។ សូម្បីព្រះពុទ្ធអង្គនោះ ទ្រង់បានព្យាករព្រះពោធិសត្វនោះថា រាប់អំពីកប្បនេះទៅ ក្នុងកប្បទី ៣១ ព្រះរាជាអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា អរុណវតី ព្រះរាជ បិតា ព្រះនាមថា អរុណវា ( បិដកខ្មែរជា អរុណៈ ) ព្រះរាជមាតា ព្រះនាមថា បភាវតី ព្រះអភិភូថេរៈ និងព្រះសម្ភវត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុ ជាឧបដ្ឋាក មាននាមថា ខេមង្ករ ព្រះនាងសខិលាថេរី និងព្រះនាងបទុមាថេរី ជាគូអគ្គសាវិកា ដើមបុណ្ឌរីកព្រឹក្ស ( ដើមស្វាយ-ស ) ជាឈើត្រាស់ដឹង ព្រះសរីរៈកម្ពស់ ៧០ ហត្ថ មានព្រះរស្មីផ្សាយទៅ ៣ យោជន៍ដោយជុំវិញ មានព្រះជន្មាយុ ៧ ម៉ឺនឆ្នាំ ។