កកុសន្ធកថាទី ២២
ក្នុងសម័យខាងក្រោយអំពីព្រះសម្មាសម្ពុទ្ធនោះមក ក្នុងកប្បនេះ មាន ព្រះពុទ្ធ ៤ ព្រះអង្គ ទ្រង់ឧប្បត្តិកឡើង គឺព្រះកកុសន្ធសម្មាសម្ពុទ្ធ ព្រះ កោនាគមនសម្មាសម្ពុទ្ធ ព្រះកស្សបសម្មាសម្ពុទ្ធ និងព្រះមានព្រះភាគនៃ យើងទាំងឡាយ សាវកសន្និបាតរបស់ព្រះមានព្រះភាគ ព្រះនាមថា កកុសន្ធៈ មានមួយលើក មានភិក្ខុមកប្រជុំ ៤ ម៉ឺនរូប ។ គ្រានោះ ព្រះពោធិសត្វជាព្រះរាជា ព្រះនាមថា ខេមៈ បានថ្វាយមហាទាន ព្រមទាំងបាត្រចីវរ និងថ្នាំបន្តក់ភ្នែកដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន បានស្តាប់ធម៌ទេសនារបស់ព្រះសាស្តាហើយ ទ្រង់បួស ។ សូម្បីព្រះសាស្តា អង្គនោះ ក៏ព្យាករព្រះពោធិសត្វហើយ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា ខេមៈ បិតាជា ព្រាហ្មណ៍ មាននាមថា អគ្គិទត្តៈ មាតាជាព្រាហ្មណី មាននាមថា វិសាខា ព្រះវិធុរត្ថេរ និងព្រះសញ្ជីវត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក មាននាមថា ពុទ្ធិជៈ ព្រះនាងសាមាថេរី និងព្រះនាងចម្បាថេរីជាគូអគ្គសាវិកា ដើមច្រេស ធំជាឈើត្រាស់ដឹង ព្រះសរីរៈកម្ពស់ ៤០ ហត្ថ មានព្រះជន្មាយុ ៤ ម៉ឺន ឆ្នាំ ។