កោនាគមនកថាទី ២៣
ក្នុងសម័យខាងក្រោយអំពីព្រះសម្មាសម្ពុទ្ធអង្គនោះមក ព្រះសាស្តាព្រះនាម ថា កោនាគមនៈ ទ្រង់ឧប្បត្តិកឡើង សាវកសន្និបាតរបស់ព្រះអង្គមាន ១ លើក ក្នុងសន្និបាតនោះ មានភិក្ខុ ៣ ម៉ឺនរូប ។ គ្រានោះ ព្រះពោធិសត្វជាព្រះរាជា ទ្រង់ព្រះនាមថា បព្វតៈ ទ្រង់ចោមរោម ដោយពួកអមាត្យ យាងទៅកាន់សម្នាក់ព្រះសាស្តា ស្តាប់ធម៌ទេសនា ហើយនិមន្តពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន ថ្វាយមហាទាន ហើយថ្វាយសំពត់ ថ្មី សំពត់ចីនៈ សំពត់សូត្រ សំពត់កម្ពល និងស្បែកជើងមាស ហើយទ្រង់ បួសក្នុងសម្នាក់ព្រះសាស្តា ព្រះសាស្តាអង្គនោះ ទ្រង់បានព្យាករព្រះ ពោធិសត្វ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា សោភវតី ព្រះបិតា ជាព្រាហ្មណ៍ មាននាមថា យញ្ញទត្តៈ ព្រះមាតាជាព្រាហ្មណី មាននាមថា ឧត្តរា ព្រះភិយ្យោសត្ថេរ និងព្រះឧត្តរត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក មាននាមថា សោត្ថិជៈ ព្រះនាងសមុទ្ទាថេរី និងព្រះនាងឧត្តរាថេរី ជាគូអគ្គសាវិកា ដើមល្វាជាឈើត្រាស់ដឹង ព្រះសរីរៈកម្ពស់ ៣០ ហត្ថ មានព្រះជន្ម ាយុ ៣ ម៉ឺនឆ្នាំ ។