កុសលត្តិកៈទី ១

ក្បាលទី 64 · ទំព័រ 171

កុសលត្តិកៈទី ១ ឥឡូវនេះ ជាកិច្ចពណ៌នាបទ តាមបទមាតិកា មានពាក្យថា កុសលា ធម្មា ជាដើម ។ កុសល សព្ទ ប្រើក្នុងអត្ថថា មិនមានរោគ មិនមាន ទោស ឈ្លាស និងមានសុខជាវិបាក ។ ពិតហើយ កុសល សព្ទនេះ ប្រើក្នុងអត្ថថា មិនមានរោគ ដូចក្នុងប្រយោគជាដើមថា កច្ចិ នុ ភោតោ កុសលំ កច្ចិ ភោតោ អនាមយំ ព្រះអង្គ មានសេចក្តីសុខស្រួលទេឬ ព្រះអង្គមិនមានជំងឺតម្កាត់ទេឬ ដូច្នេះ ។ ប្រើក្នុងអត្ថថា មិនមានទោស ដូចក្នុងប្រយោគជាដើមថា កតមោ បន ភន្តេ កាយសមាចារោ កុសលោ យោ ខោ មហារាជ កាយសមាចារោ អនវជ្ជោ បពិត្រលោកដ៏ចម្រើន ចុះកាយសមាចារជាកុសល តើដូចម្តេច ។ បពិត្រមហារាជ កាយសមាចារ មិនមានទោស ដូច្នេះ និងដូចក្នុងប្រយោគ ជាដើមថា បុន ចបរំ ភន្តេ ឯតទានុត្តរិយំ យថា ភគវា ធម្មំ ទេសេតិ កុសលេសុ ធម្មេសុ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅ មានតទៅទៀត ព្រះមានព្រះភាគទ្រង់សម្តែងធម៌ ក្នុងកុសលធម៌ទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ដូច្នេះ ។ ប្រើក្នុងអត្ថថា ឈ្លាស ក្នុងប្រយោគជាដើមថា កុសលោ ត្វំ រថស្ស អង្គបច្ចង្គានំ ទ្រង់ជាបុគ្គលឈ្លាស ក្នុងអវ័យវៈតូចធំទាំងឡាយនៃរថដែរឬ