វិតក្កត្តិកៈទី ៦
ក្បាលទី 64 · ទំព័រ 185
គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃវិតក្កធម៌ដូចតទៅ ធម៌ដែលឈ្មោះថា សវិតក្កៈ ព្រោះប្រព្រឹត្តទៅមួយអន្លើដោយវិតក្កៈ ដែលប្រព្រឹត្តទៅដោយអំណាចនៃការប្រកប ។ ធម៌ដែលឈ្មោះថា សវិចារៈ ព្រោះប្រព្រឹត្តទៅមួយអន្លើដោយវិចារៈ ធម៌ដែលឈ្មោះថា សវិតក្កសវិចារៈ ព្រោះធម៌ទាំងនោះ មានវិតក្ក និងមានវិចារៈ ។ ធម៌ដែលវៀរចាកវិតក្កៈ និង វិចារៈទាំងពីរ ឈ្មោះថា អវិតក្កអវិចារ ធម៌ដែលឈ្មោះថា វិចារៈមត្ត ព្រោះអត្ថថា បណ្តាវិតក្កៈ និងវិចារៈ ធម៌ដែលមានត្រឹមតែវិចារៈបុណ្ណោះជា ប្រមាណនៃវិតក្ក និងវិចារៈទាំងនោះ អធិប្បាយថា ធម៌នោះក្រៅអំពីវិចារៈ ហើយ រមែងមិនប្រកបជាមួយនឹងវិតក្ក ។ ធម៌ទាំងនោះ មិនមានវិតក្កផង មានត្រឹមតែវិចារៈផង ព្រោះហេតុនោះ ទើបឈ្មោះថា អវិតក្កវិចារមត្តា ។