អាចយគាមិត្តិកៈទី ១០

ក្បាលទី 64 · ទំព័រ 189

គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃអាចយគាមិធម៌ដូចតទៅ ធម៌ណាដែលកម្មកិលេសកសាង ព្រោះហេតុនោះ ទើបធម៌នោះ ឈ្មោះ ថា អាចយ ។ ពាក្យថា អាចយ នេះ ជាឈ្មោះរបស់ធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបដិសន្ធិ ចុតិ និងគតិ ។ ធម៌ទាំងឡាយដែលឈ្មោះថា អាចយគាមី ព្រោះអត្ថថា ដល់អាចយៈ ព្រោះធម៌នោះជាហេតុដែលញ៉ាំង បដិសន្ធិឲ្យសម្រេច ឬថា ញ៉ាំងបុគ្គលដែលមានកម្មក្កិលេសទាំងឡាយប្រព្រឹត្ត ទៅឲ្យដល់អាចយៈ តាមដែលពោលហើយនោះឯង ។ ពាក្យថា អាចយគាមិ នេះ ជាឈ្មោះរបស់កុសល និងអកុសលដែលមានអាសវៈ ។ ព្រះ និព្វានប្រាសចាកការសន្សំកពូន ព្រោះប្រាសចាកការសន្សំកពូន គឺអាចយៈ នោះឯង ព្រោះហេតុនោះ ទើបឈ្មោះថា អបចយ ។ ធម៌ពួកណាដល់ព្រះ និព្វាន ដែលជាអបចយធម៌ ព្រោះធ្វើព្រះនិព្វាននោះឲ្យជាអារម្មណ៍ប្រព្រឹត្តទៅ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា អបចយគាមី ។ ពាក្យថា អបចយគាមី នេះ ជាឈ្មោះរបស់អរិយមគ្គ ។ ម្យ៉ាងទៀត កម្មក្កិលេស ទាំងឡាយណា សន្សំកពូនបដិសន្ធិ និងចុតិឲ្យប្រព្រឹត្តទៅ ដូចជាងឥដ្ឋកពូន កំពែង ព្រោះហេតុនោះ ទើបកម្មក្កិលេសទាំងនោះ ឈ្មោះថា អាចយគាមី ។ ធម៌ទាំងឡាយណាមិនសន្សំកពូនបដិសន្ធិ និងចុតិនោះឲ្យប្រព្រឹត្តទៅ ដូចបុរស ទម្លាយឥដ្ឋដែលកសាងហើយ ព្រោះហេតុនោះ ទើបធម៌ទាំងឡាយនោះ ឈ្មោះ ថា អបចយគាមី ។ បទទី ៣ លោកពោលបដិសេធ ២ បទខាងដើម ។