បរិត្តត្តិកៈទី ១២
ក្បាលទី 64 · ទំព័រ 191
គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃបរិត្តធម៌ដូចតទៅ វត្ថុមានប្រមាណតិចតួច ហៅថា បរិត្ត ព្រោះជារបស់បែកធ្លាយទៅ ដោយជុំវិញ ដូចក្នុងប្រយោគជាដើមថា បរិត្តំ គោមយបិណ្ឌំ ដុំអាចម៍គោ បន្តិច ដូច្នេះ សូម្បីធម៌ទាំងនេះ ក៏ប្រៀបដូចរបស់បន្តិចបន្តួច ព្រោះមាន អានុភាពតិច ព្រោះហេតុនោះ ទើបឈ្មោះថា បរិត្ត ។ ពាក្យថា បរិត្ត នេះ ជាឈ្មោះរបស់កាមាវចរធម៌ ។ ធម៌ដែលឈ្មោះថា មហគ្គត ព្រោះអត្ថថា ដល់នូវភាពជាធំ ព្រោះអាចគ្របសង្កត់កិលេស ព្រោះមានផលបរិបូណ៌ និង ព្រោះការបន្តដ៏វែងឆ្ងាយ ឬថា បុគ្គលដែលបដិបត្តិហើយដល់នូវភាពជាអ្នក ប្រសើរដោយឆន្ទៈ វីរិយៈ ចិត្តៈ បញ្ញាដ៏ធំ ដូច្នេះខ្លះ ។ ធម៌ទាំងឡាយ មាន រាគៈជាដើមធ្វើឲ្យមានប្រមាណ ឈ្មោះថា បមាណធម៌ ។ ធម៌ទាំងឡាយ ដែលឈ្មោះថា អប្បមាណ ព្រោះអត្ថថា បមាណធម៌មិនមានដល់ធម៌ទាំងនេះ ដោយអារម្មណ៍ ឬដោយសម្បយោគ និងជាធម៌បដិសេធបមាណធម៌ ។