មិច្ឆត្តិកៈទី ១៥
មិច្ឆត្តិកៈទី ១៥ គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃមិច្ឆត្តធម៌ដូចតទៅ ធម៌ដែលឈ្មោះថា មិច្ឆត្ត ព្រោះអត្ថថា ជាសភាវៈខុស ព្រោះមិនប្រព្រឹត្ត ទៅ ដូចជនទាំងឡាយ សូម្បីសង្ឃឹមយ៉ាងនេះថា ធម៌ទាំងនេះ នឹងនាំ ប្រយោជន៍ និងសេចក្តីសុខមកឲ្យដល់អញ ដូច្នេះ និងព្រោះប្រព្រឹត្តទៅ ដោយវិបរិតជាដើមថា សូម្បីក្នុងអសុភៈជាដើមនោះឯងថាជាសុភៈ ។ ធម៌ ទាំងនោះ ឈ្មោះថា និយត ព្រោះកាលនៅមានការឲ្យវិបាក ក៏ឲ្យវិបាកក្នុង រវាងនៃការទម្លាយខន្ធនុ៎ះឯង ។ ធម៌ទាំងឡាយនោះ ជាមិច្ឆត្តៈផង ជានិយតៈ ផង ព្រោះហេតុនោះ ទើបឈ្មោះថា មិច្ឆត្តនិយត ។ ធម៌ដែលឈ្មោះថា សម្មត្ត ព្រោះអត្ថថា ជាសភាវៈត្រឹមត្រូវ ដោយអត្ថដែលខុសអំពីមិច្ឆត្តៈ ដែលពោលហើយ ។ ធម៌ទាំងនោះ ជាសម្មត្តៈផង ជានិយតៈផង ដោយឲ្យ ផល មិនមានរវាងចន្លោះនុ៎ះឯង ព្រោះហេតុនោះ ទើបឈ្មោះថា សម្មត្តនិយត ។ ធម៌ទាំងឡាយណាឲ្យផលមិនពិតប្រាកដ ដោយប្រការទាំងពីរនោះ ព្រោះហេតុនោះ ទើបធម៌ទាំងឡាយនោះ ឈ្មោះថា អនិយតា ។