ចូឡន្តរទុកៈ

ក្បាលទី 64 · ទំព័រ 214

ចូឡន្តរទុកៈ គប្បីជ្រាបវិគ្គហៈក្នុងពួក ២ នៃចូឡន្តរទុកៈដូចតទៅ ធម៌ដែលឈ្មោះថា សប្បច្ចយា ព្រោះប្រព្រឹត្តទៅព្រមគ្នានឹងបច្ច័យដែល ឲ្យសម្រេចដល់ខ្លួន ។ ធម៌ដែលឈ្មោះថា អប្បច្ចយា ព្រោះបច្ច័យ ក្នុង ឧប្បាទ ( ការកើត ) ឬក្នុងឋិតិ ( ការតាំងនៅ ) មិនមានដល់ធម៌ទាំងនោះ ។ ធម៌ដែលឈ្មោះថា សង្ខតា ព្រោះបច្ច័យទាំងឡាយ ប្រជុំគ្នាតាក់តែង ។ ឈ្មោះថា អសង្ខតា ព្រោះបច្ច័យទាំងឡាយមិនប្រជុំគ្នាតាក់តែង ។ ឈ្មោះ ថា រូបិនោ ព្រោះរូបនៃធម៌ទាំងនោះ មានដោយអំណាចនៃអវិនិព្ភោគ ( រូប ដែលបែកគ្នាមិនបាន ) ។ ឈ្មោះថា អរូបិនោ ព្រោះរូបនៃធម៌ទាំងនោះ មិនមានយ៉ាងនោះ ។ មួយទៀត រូបដែលមានការវិនាសទៅជាលក្ខណៈ នៃ ធម៌ទាំងនោះមាន ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា រូបិនោ ។ ធម៌ទាំងឡាយដែលមិនមានរូប ឈ្មោះថា អរូបិនោ ។ វដ្តៈ ត្រាស់ហៅថា លោក ព្រោះអត្ថថា វិនាស ។ ធម៌ទាំងឡាយ ប្រកបហើយក្នុងលោក ដោយការជាប់ទាក់ទងគ្នាក្នុងលោកនោះ ព្រោះហេតុ នោះ ទើបឈ្មោះថា លោកិយ ធម៌ទាំងឡាយឈ្មោះថា ឧត្តរៈ ព្រោះឆ្លង ឡើងហើយអំពីលោកនោះ ។ ធម៌ណាឆ្លងផុតហើយ អំពីលោកដោយការ ប្រព្រឹត្តទៅ មិនទាក់ទងក្នុងលោក ព្រោះហេតុនោះ ទើបធម៌នោះឈ្មោះថា លោកុត្តរ ។ បទថា កេនចិ វិញ្ញេយ្យា បានដល់ គប្បីដឹងដោយចក្ខុវិញ្ញាណ ឬសោតវិញ្ញាណយ៉ាងណាមួយ ក្នុងវិញ្ញាណទាំងឡាយ មានចក្ខុវិញ្ញាណជាដើម ។ បទថា កេនចិ ន វិញ្ញេយ្យា បានដល់ មិនគប្បីដឹងដោយចក្ខុវិញ្ញាណ ឬ សោតវិញ្ញាណនេះនុ៎ះឯង ។ កាលបើហេតុយ៉ាងនោះមាន ទុកៈនៃបទសូម្បី ទាំង ២ រមែងផ្សេងគ្នាដោយអត្ថ ។