សញ្ញេាជនគោច្ឆកៈ
ក្បាលទី 64 · ទំព័រ 216
គប្បីជ្រាបវិគ្គហៈ ក្នុងសញ្ញោជនគោច្ឆកៈដូចតទៅ ធម៌ដែលឈ្មោះថា សញ្ញោជនា ព្រោះអត្ថថា ប្រកប គឺចងបុគ្គល ដែលមានសញ្ញោជនៈក្នុងវដ្តៈ ។ ធម៌ដទៃក្រៅអំពីនោះ ឈ្មោះថា នោ សញ្ញោជនា ។ ធម៌ដែលឈ្មោះថា សញ្ញោជនិយា ព្រោះអត្ថថា ចូលដល់ ភាពជាអារម្មណ៍ ឧបការៈដល់សញ្ញោជនៈទាំងឡាយ ដោយការទាក់ទងជាមួយ សញ្ញោជនៈ ពាក្យថា សញ្ញោជនិយា នេះ ជាឈ្មោះនៃធម៌ ដែល ជាអារម្មណប្បច្ច័យដល់សញ្ញោជនៈ ។ ធម៌ដែលមិនមែនជាសញ្ញោជនិយៈ ឈ្មោះថា អសញ្ញោជនិយា ។ ពាក្យដែលនៅសល់ គប្បីប្រកបដោយន័យ ដែលពោលមកហើយ ក្នុងហេតុគោច្ឆកៈនោះឯង ។