គន្ថគោច្ឆកៈ

ក្បាលទី 64 · ទំព័រ 217

គន្ថគោច្ឆកៈ គប្បីជ្រាបវិគ្គហៈក្នុងគន្ថគោច្ឆកៈដូចតទៅ ធម៌ដែលឈ្មោះថា គន្ថា ព្រោះអត្ថថា ចង គឺចងបុគ្គល ដែលមាន កិលេសទុកក្នុងវដ្តៈ ដោយអំណាចចុតិ និងបដិសន្ធិ ។ ធម៌ក្រៅអំពីនោះ ឈ្មោះថា នោ គន្ថា ។ ធម៌ដែលឈ្មោះថា គន្ថនិយា ព្រោះអត្ថថា ត្រូវ គន្ថធម៌ចងដោយអំណាចធ្វើឲ្យជាអារម្មណ៍ ។ ពាក្យដ៏សេស គប្បីប្រកបដោយ ន័យដែលពោលហើយ ក្នុងហេតុគោច្ឆកៈនុ៎ះឯង ពាក្យដ៏សេស ក្រៅអំពីដែលត្រាស់ទុក សូម្បីក្នុងទុកៈដទៃអំពីទុកៈទាំងនេះ គប្បីជ្រាបតាម ន័យដែលពោលក្នុងទុកៈនោះៗ ឯង ដូចដែលត្រាស់ក្នុងទុកៈនេះ ។ ឱឃគោច្ឆកៈ គប្បីជ្រាបវិគ្គហៈក្នុងឱឃគោច្ឆកៈដូចតទៅ ធម៌ដែលឈ្មោះថា ឱឃា ព្រោះអត្ថថា រមែងជន់លិច គឺញ៉ាំងសត្វ ដែលមានកិលេសឲ្យលង់នៅក្នុងវដ្តៈ ដែលឈ្មោះថា ឱឃនិយា ព្រោះត្រូវ ឱឃធម៌ទាំងឡាយឈានកន្លងដោយធ្វើឲ្យជាអារម្មណ៍ ហើយឈានកន្លង ។ ធម៌ដែលជាអារម្មណ៍ របស់ឱឃៈទាំងឡាយនោះឯង គប្បីជ្រាបថាជា ឱឃនិយៈ ។