មហន្តរទុកៈ
មហន្តរទុកៈ គប្បីជ្រាបវិគ្គហៈក្នុងពួក ២ នៃមហន្តរធម៌ដូចតទៅ ធម៌ដែលឈ្មោះថា សារម្មណា ព្រោះអត្ថថា ប្រព្រឹត្តទៅព្រមជាមួយ អារម្មណ៍ ព្រោះមិនកាន់យកអារម្មណ៍ហើយក៏ ប្រព្រឹត្តទៅមិនបាន ។ អារម្មណ៍របស់ធម៌ទាំងនោះ មិនមាន ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា អនារម្មណា ។ ធម៌ដែលឈ្មោះថា ចិត្តា ព្រោះអត្ថថា គិត ម្យ៉ាងទៀត ឈ្មោះថា ចិត្តា ព្រោះអត្ថថា វិចិត្រ ។ ធម៌ដែលប្រកបក្នុងចិត្តដោយមិនបែកចាកគ្នា ឈ្មោះថា ចេតសិកា ។ ធម៌ដែលជាប់ទាក់ទងនឹងចិត្តតាំងអំពីកើត រហូតដល់ រលត់ ដោយការចូលទៅប្រកបគ្នាជានិច្ច ឈ្មោះថា ចិត្តសំសដ្ឋា ធម៌ សូម្បីកាលប្រព្រឹត្តទៅព្រមជាមួយនឹងចិត្ត តែមិនជាប់ទាក់ទងនឹងចិត្ត ព្រោះ មិនចូលទៅប្រកបគ្នាជានិច្ច ឈ្មោះថា ចិត្តវិសំសដ្ឋា ។ ឈ្មោះថា សមុដ្ឋាន ព្រោះអត្ថថា ជាហេតុតាំងឡើង ។ ចិត្តជា សមុដ្ឋានរបស់ធម៌ទាំងនោះ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា ចិត្តសមុដ្ឋានា ។ ធម៌ដែលកើតព្រមគ្នា ឈ្មោះថា សហភូ ព្រោះកើត ព្រមគ្នា ។ ធម៌ដែលកើតព្រមគ្នាជាមួយចិត្ត ឈ្មោះថា ចិត្តសហភុនោ ។ ដែលឈ្មោះថា អនុបរិវត្តិ ព្រោះអនុលោមតាមគ្នាទៅ ។ អនុលោមតាមអ្វី អនុលោមតាមចិត្ត ។ ធម៌ដែលអនុលោមទៅតាមចិត្ត ឈ្មោះថា ចិត្តានុបរិវត្តិនោ ។ ដែលឈ្មោះថា ចិត្តសំសដ្ឋសមុដ្ឋានា ព្រោះលាយដោយ ចិត្ត និងមានចិត្តជាសមុដ្ឋាន ធម៌ដែលឈ្មោះថា ចិត្តសំសដ្ឋសមុដ្ឋានសហភុនោ ព្រោះលាយឡំដោយចិត្ត មានចិត្តជាសមុដ្ឋាន និងកើតព្រមជាមួយនឹង ចិត្ត ។