បិដ្ឋិទុកៈ

ក្បាលទី 64 · ទំព័រ 221

បិដ្ឋិទុកៈ គប្បីជ្រាបវិគ្គហៈក្នុងពួក ២ នៃបិដ្ឋិធម៌ដូចតទៅ ធម៌ពួកណា រមែងត្រាច់ទៅក្នុងកាម ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា កាមាវចរា ។ ឈ្មោះថា រូបវចរា ព្រោះត្រាច់ទៅក្នុងរូប ។ ឈ្មោះថា អរូបវចរា ព្រោះត្រាច់ទៅក្នុងអរូប ។ ក្នុងទុកៈនេះ មានសេចក្តី សង្ខេបត្រឹមតែបុណ្ណេះ ចំណែកសេចក្តីពិស្តារ នឹងមានជាក់ច្បាស់ខាងមុខ ។ ធម៌ពួកណាទាក់ទង គឺឈមចុះខាងក្នុង ក្នុងវដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា បរិយាបន្នា ។ ធម៌ដែល មិនទាក់ទងក្នុងវដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ នោះ ឈ្មោះថា អបរិយាបន្នា ។ ធម៌ពួកណា កាត់មូលនៃវដ្តៈ ធ្វើព្រះនិព្វានឲ្យជាអារម្មណ៍ ចេញទៅ អំពីវដ្តៈ ព្រោះហេតុនោះ ទើបធម៌ទាំងនោះឈ្មោះថា និយ្យានិកា ។ ធម៌ ដែលមិននាំចេញទៅដោយលក្ខណៈនេះ ឈ្មោះថា អនិយ្យានិកា ។ ធម៌ដែលឈ្មោះថា និយតា ព្រោះឲ្យផលពិតប្រាកដក្នុងលំដាប់នៃចុតិ ឬនៃការប្រព្រឹត្តិទៅរបស់ខ្លួន ។ ឈ្មោះថា អនិយតា ព្រោះមិនឲ្យផល ពិតប្រាកដយ៉ាងនោះ ។ ធម៌ដែលឈ្មោះថា ឧត្តរ ព្រោះឆ្លងផុត គឺ លះបង់ធម៌ពួកដទៃទៅ ។ ឈ្មោះថា សឧត្តរ ព្រោះមានឧត្តរធម៌ដែលអាច ឆ្លងផុតទៅ ។ ឈ្មោះថា អនុត្តរ ព្រោះធម៌ដែលក្រៃលែងជាងធម៌ទាំងនោះ មិនមាន ។ សត្វទាំងឡាយរមែងទួញយំព្រោះធម៌ទាំងនោះ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា រណៈ ។ ពាក្យថា រណ នេះ ជាឈ្មោះរបស់ កិលេស មានរាគៈជាដើមដែលសត្វទាំងឡាយត្រូវកិលេសគ្របសង្កត់ហើយ រមែងទួញយំ កន្ទក់កន្ទេញដោយប្រការផ្សេងៗ ធម៌ដែលឈ្មោះថា សរណា ព្រោះមានរណធម៌ ដោយអំណាចនៃសម្បយោគ និងដោយអំណាចនៃការតាំង នៅ ក្នុងឋានៈតែមួយនៃការលះ ។